Developed by Khmer Focus

ការជួបសំដែងភារវកិច្ចសំណេះសំណាលជាមួយលោកស្រី Maryam Salim ប្រធានគ្រប់គ្រង នៃធនាគារពិភពលោក (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ នៅសាលប្រជុំរំដួល ក្រសួងធនធានទឹក និង​ឧតុនិយម មានរៀបចំ​កិច្ចប្រជុំ​តាម video conference ស្តីពី ការជួបសំដែងភារវកិច្ច​សំណេះ​សំណាល​ជា​មួយ​លោកស្រី Maryam Salim ប្រធាន​គ្រប់​គ្រង​នៃ​ធនាគារ​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា រួមទាំង​មន្រ្តីការិយាល័យ​ធនាគារ​ពិភព​លោកចំនួន 0៤រូប។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB and WB MOWRAM នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានមន្រ្តីថ្នាក់អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានបណ្តានាយកដ្ឋានពាក់ពន្ធរបស់ក្រសួង អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធាននាយកដ្ឋាន នៃអាជ្ញាធរទន្លេសាប និងបណ្តាមន្រ្តី PMU និងជំនាញការជាតិ អន្តរជាតិដែលពាក់ពន្ធ។ ក្នុងកិច្ចសំណេះសំណាលភាវរកិច្ចនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បាននាំយកនូវការផ្តាំផ្ញើរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធានធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នូវការស្វាគមន៍ អបអរសារទរ និងការជូនពរប្រកបដោយជោគជ័យលើភារកិច្ចថ្មី ដល់លោកស្រី Maryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមប្រធានអង្គប្រជុំ បានរៀបរាប់សង្ខេបអំពីភារកិច្ចសំខាន់របស់ក្រសួង ក្នុងការងារអភិវឌ្ឍន៍ គ្រប់គ្រងធនធានទឹក តំបន់អាងទន្លេទាំង ៥គ្រុប ក្នុងអាងទន្លេមេគង្គ ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និងទិសដៅបង្កើនបរិមាណប្រើប្រាស់ទឹកដែលហូរកាត់ប្រទេសកម្ពុជា ជាង ៥ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ កើនដល់ ៣០% ក្នុងឆ្នាំ២០៣០ និងតម្រូវការថវិកាវិនិយោគផ្នែកទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងវិស័យពាក់ពន្ធដទៃទៀតកាន់តែប្រសើរឡើង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ធានាការងារយេនឌ័រ និងសេដ្ឋកិច្ចប្រទេសកម្ពុជា និងសំដែងអំណរគុណ និងវាយតម្លៃខ្ពស់ការជួយគាំទ្ររបស់ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍សំខាន់មួយក្នុងចំណោមដៃគូអភិវឌ្ឍន៍ផ្សេងទៀតរបស់កម្ពុជា ដែលបានជួយគាំទ្រកម្ពុជាក្នុងពេលកន្លងមក បច្ចុប្បន្ន និងខាងមុខ តាមរយៈគម្រោងអភិវឌ្ឍន៍ហិរញ្ញប្បទាន ជាតួយ៉ាងដូចគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាកំពុងអនុវត្ត។ ឯកឧត្តមប្រធាន បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាត់ បុត្តកុសល មានចំណាប់អារម្មណ៍ជុំវិញការអនុវត្តគម្រោង MIWRMP 3 ។

លោក ស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា  បានថ្លែងអំណរគុណ ឯកឧត្តម រដ្ឋមន្រ្តី លឹម គានហោ ចំពោះការជូនពរ និងបានសំដែងការពេញចិត្តយ៉ាងខ្លាំង ដោយបានឃើញយុទ្ធសាស្ត្ត គោលនយោបាយទឹករបស់កម្ពុជា ច្បាស់លាស់ និងមានចក្ខុវិស័យទឹកច្បាស់លាស់ កិច្ចការគម្រោងឆ្លងដែន និងបញ្ជាក់ថា កម្ពុជា ជាដៃគូយុទ្ធសាស្រ្តជាមួយធនាគារពិភពលោក ហើយលោកស្រីសង្ឃឹមមុតមាំថា បន្តការពិភាក្សាថែមទៀត ដើម្បីកំណត់គម្រោងវិនិយោគធនធានទឹកនៅកម្ពុជា ដូចការលើកឡើងរបស់ឯកឧត្តម ប្រធានអង្គប្រជុំ៕