Developed by Khmer Focus

កិច្ចប្រជុំរវាង គណៈកម្មការទន្លេមេគង្គ និងគណៈកម្មការទន្លេមីស៊ីសស៊ីពី របស់សហរដ្ឋអាមេរិក (ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អម​ដោយ លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក បានចូលរួមកិច្ចប្រជុំរវាង គណៈកម្មការទន្លេមេគង្គ និងគណៈកម្មការទន្លេមីស៊ីសស៊ីពី របស់សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលសម្របសម្រួលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ពីទីក្រុងវៀងច័ន្ទប្រទេសឡាវ។ ដឹកនាំដំណើរការប្រជុំដោយឯកឧត្តម អាន ពេជ្រហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងលោកស្រីឧត្តមសេនីយ Diana M. Holland ប្រធានគណៈកម្មការទន្លេមីស៊ីសស៊ីពី ដោយមានមន្រ្តីសម្របសម្រួល លោកបណ្ឌិត Anoulak Kittikhoun ប្រធានផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូ របស់លេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកទាំង៤ (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីលេខាធិការដ្ឋាន MRC មន្រ្តីតំណាងក្រុមកងវិស្វកម្មទ័ពអាមេរិក និងនាយកដ្ឋានការបរទេសអាមេរិក។

អង្គប្រជុំបានសំដែងការពេញចិត្តការខិតខំរបស់តំណាងភាគីទាំងពីរ និងបានរំលឹកអំពីស្មារតីនៃការអនុវត្តអនុស្សារណៈក្នុងរយៈពេល១០ឆ្នាំកន្លងមក ដោយផ្តោតសំខាន់លើវិស័យចំនួន១១ ទាក់ទងនឹងទិន្នន័យ ការចែករំលែកព័ត៌មាន បរិស្ថាន គោលនយោបាយ និងអភិបាលកិច្ច និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពធនធានទឹក និងអាងទន្លេ។ កិច្ចប្រជុំបានឯកភាពគ្នាបន្តសុពលភាពអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មការទន្លេមេគង្គ និងគណៈកម្មការមីស៊ីសស៊ីពី   សម្រាប់រយៈពេល ០៥ឆ្នាំបន្តទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការលើកកម្ពស់ការប្រើប្រាស់គោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកប្រកបដោយប្រសិទ្ធភាព ក្នុងតំបន់មេគង្គ ដោយគិតគូរអំពីសុវត្ថិភាពសាធារណៈ និងសុខុមាលភាពសហគមន៍។ ក្នុងកិច្ចពិភាក្សា តំណាងប្រទេសជាសមាជិក បានចូលរួមមតិយោបល់ ក្នុងនោះសម្រាប់កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានអំពីការអនុវត្ត MOU រយៈពេល ១០ឆ្នាំកន្លងមក ដែលបានផ្តល់មេរៀន និងបទពិសោធន៍ល្អៗតាមរយៈដំណើរទស្សនកិច្ចប្រតិភូ រវាងគណៈកម្មការទាំងពីរ និងបានវាយតម្លៃខ្ពស់ និងអរគុណចំពោះជំនួយបច្ចេកទេស និងថវិការបស់សហរដ្ឋអាមេរិកមក MRC ក្នុងនោះការបង្កើត Shared Vision Planning online tool បានវាយតម្លៃខ្ពស់លើវិស័យសហប្រតិបត្តិការទាំង ១១ ហើយសង្ឃឹមជឿជាក់ការអនុវត្ត ៥ឆ្នាំបន្ត MOU នឹងកាន់តែមានប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលធំៗបន្ថែមទៀត បានស្នើសុំការអនុវត្តមិនសម្រាប់តែថ្នាក់តំបន់ទេ តែនៅថ្នាក់ជាតិ និងមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍដោយចីរភាព បន្ស៉ាំនឹងអាកាសធាតុ បានគាំទ្រការលើកឡើងថា តំបន់ដីសណ្តរមេគង្គសំខាន់ណាស់ ដែលមានប្រទេសកម្ពុជា  និងវៀតណាម កំពុងរងភាពប្រឈមខ្លាំងនឹងការអភិវឌ្ឍនៅតំបន់ប៉ែកខាងលើ រួមទាំងឥទ្ធិពបម្រែបម្រួលអាកាសធាតុ និងបានស្នើជំនួយពីសហរដ្ឋអាមេរិក លើការពង្រឹងសមត្ថភាព ការពិនិត្យតាមដានត្រី (Dai Fisheries Monitoring) និងនិរន្តរភាពធនធានត្រីក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ដែលបទពិសោធន៍នៅសហរដ្ឋអាមេរិក អាចយកមកអនុវត្តបានយ៉ាងល្អប្រសើរ និងបទពិសោធន៍លើការចែករំលែកទិន្នន័យក្នុងកិច្ចសហប្រតិបត្តិកាទឹកឆ្លងដែន៕