Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី៣ របស់ក្រុមការងារ PNPCA JCWG (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំ និងដំណើរការកិច្ចប្រជុំថ្នាក់តំបន់លើកទី៣ របស់ក្រុមការងារ PNPCA JCWG ក្រោម​អធិបតីភាព និងការដឹកនាំពិភាក្សា របស់លោក Phonepaseuth Phouliphnah, អគ្គលេខាធិការស្តីទី គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ និងជាសមាជិកបម្រុងគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ របស់ឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃ MRCS ដោយមានការចូលរួម ពីក្រុមការងារ PNPCA JCWG នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC) ទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីជំនាញនៃលេខាធិការដ្ឋាន MRC និងអ្នកជំនាញការអន្តរជាតិ។ សមាជិកកិច្ចប្រជុំពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារ PNPCA JCWG របស់កម្ពុជា និងមានការចូលរួមពីសមាជិកក្រុមការងារ PNPCA JCWG អញ្ជើញមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រុមការងារ PNPCA នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. និងអ្នកជំនាញការថ្នាក់ជាតិ។

គោលបំណងរួមនៃកិច្ចប្រជុំគឺផ្តល់ឱកាសចុងក្រោយនៅក្នុងដំណើរការនៃការពិគ្រោះយោបល់ជាមុន ដល់សមាជិកក្រុមការងារ PNPCA JCWG ទាំងអស់ ក្នុងការស្តាប់ និងពិភាក្សាលទ្ធផលនៃសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញលើឯកសារ និងសំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP) (Final Draft TRR) ដើម្បីជួយសម្រួលដល់ MRCS ក្នុងការបញ្ចប់របាយការណ៍នេះ ដោយធ្វើការបញ្ចូលមតិយោបល់ អនុសាសន៍ និងក្តីកង្វល់នានា ដែលទទួលបានពីការសិក្សា ពិនិត្យឡើងវិញ និងការពិគ្រោះយោបល់នៅកម្រិតជាតិ មុនពេល MRCS ធ្វើការដាក់របាយការណ៍នេះ (Final TRR) ជូនគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ សម្រាប់ការពិភាក្សា និងការចរចារនៅក្នុងកិច្ចប្រជុំពិសេសរបស់ខ្លួន ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ រីឯគោលបំណងជាក់លាក់នៃកិច្ចប្រជុំគឺ៖

- ពិភាក្សា និងឯកភាពលើការឆ្លើយតបដែលជាលទ្ធផលនៃវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១ និងលើកទី២ របស់ MRC និងលទ្ធផល និងអនុសាសន៍ចុងក្រោយដែលជាលទ្ធផលទទួលបានពីបណ្តាកិច្ចប្រជុំពិគ្រោះយោបល់នៅថ្នាក់ជាតិ ដែលជាការឆ្លុះបញ្ចាំង និងបង្កើនគុណភាពបន្ថែមទៀតនូវ Final TRR

- ពិភាក្សា និងផ្តល់យោបល់លើលទ្ធផល និងរបកគំហើញរួមនៃ Final Draft TRR ដោយគិតគូរបញ្ចូលផងដែរនូវលទ្ធផលនៃការវាយតម្លៃរហ័ស ដោយការបញ្ចូលលទ្ធផលទទួលបានពីបណ្តាការសិក្សា ពិនិត្យឡើងវិញ និងកិច្ចប្រជុំពិគ្រោះយោបល់

- ពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីថ្លែងការរួមដែលនឹងត្រូវបានដាក់ជូនគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ សម្រាប់ការពិចារណា និងសម្រេច នៅក្នុងកិច្ចប្រជុំពិសេសរបស់ខ្លួន

- ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពរួម (JAP) ដែលនឹងត្រូវបានដាក់ជូនគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ សម្រាប់ការពិចារណា និងសម្រេច នៅក្នុងកិច្ចប្រជុំពិសេសរបស់ខ្លួន និង

- ពិភាក្សា និងឯកភាពលើសំណើរបៀបវារៈ និងរបៀបរៀបចំ សម្រាប់ការរៀបចំកិច្ចប្រជុំពិសេស របស់គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលនៃដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP៕