Developed by Khmer Focus

សិក្ខាសាលាស្តីពីការផ្តោះប្តូរបច្ចេកវិទ្យាធនធានទឹកជនបទ ចិន-កម្ពុជា ក្រោមគម្រោងសុវត្ថិភាពទឹកស្អាតផ្គត់ផ្គង់ទឹកជនបទ ក្នុងប្រទេស ឡានឆាង-មេគង្គ (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ស្ទឹងត្រែង៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខា​ធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាសហប្រធានដឹកនាំសិក្ខា​សាលា​តាមវីដេអូអនឡាញ ដែលរៀបចំពីខេត្ត​វូហាន ប្រទេសចិន និងខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ស្តីពីការផ្តោះប្តូរបច្ចេកវិទ្យាធនធាន​ទឹកជនបទ ចិន-កម្ពុជា ក្រោមគម្រោងសុវត្ថិភាពទឹក​ស្អាតផ្គត់ផ្គង់ទឹកជនបទ ក្នុងប្រទេស ឡានឆាង-មេគង្គ  ក្រោមការទ្រទ្រង់ថវិកា និងបច្ចេកទេសដោយវិទ្យាស្សានស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគណៈកម្មការធនធានទឹកទន្លេឆាងជាំង ប្រទេសចិន។

គណៈអធិបតីខាងភាគីចិន មានសមាសភាពឯកឧត្តម លី ហ៊្សុងភីង (Li Zhongping)  អគ្គនាយករង ការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គណៈកម្មការធនធានទឹកទន្លេឆាងជាំង (Changjiang) ឯកឧត្តម លួ  ហ្សាំងសេង (Luo Xiangsheng) នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ (Lancang-Mekong) និង ឯកឧត្តម តាំង វិនជាំង (Tang Wenjian) អនុប្រធានព្រឹទ្ធបុរស វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រទន្លេ Changjiang។ អង្គសិក្ខាសាលា មានសិក្ខាកាម ចំនួន ៤៧ រូប ក្នុងនោះ មន្រ្តីជំនាញ សាស្រ្តាចារ្យមកពីស្ថាប័នប្រទេសចិន ចំនួន ២៥រូប និងមន្រ្តីកម្ពុជា ចំនួន ២២ រូប (ស្រី ៤រូប) មកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរ៉ែ និងថាមពល មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង មន្រ្តីខុទ្ទកាល័យខេត្តស្ទឹងត្រែង និងលោកមេឃុំ មន្រ្តីជំនួយការឃុំ មកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

សិក្ខាសាលាមានគោលបំណងដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងសមិទ្ធផលនានារបស់ប្រទសចិន ពិគ្រោះយោបល់ និងស្វែងយល់អំពីចំណេះដឹងក្នុងវិស័យវិទ្យាសាស្រ្តបច្ចេកទេសគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានទឹកជនបទក្នុងប្រទេសចិន និងវិស័យសំខាន់ផ្សេងទៀតជាមួយប្រទេស Lancang-Mekong រួមទាំងប្រទេសកម្ពុជា ដូចជា បទពិសោធន៍ បច្ចេកទេស អំពីការគ្រប់គ្រងធនធានទឹក អំពីការបែងចែកទឹក ការចែកចាយ និងផ្គត់ផ្គង់ទឹកតាមបច្ចេកវិទ្យាវៃឆ្លាត ការសន្សំសំចៃទឹក និងបៃតងបរិស្ថានក្នុងវិស័យទឹក កសិកម្មជនបទ និងផ្គត់ផ្គង់ទឹកស្អាតជនបទ និងកិច្ចសហប្រតិបត្តិការរវាងវិស័យពាក់ព័ន្ធរបស់ប្រទេសចិន។ ភាគីកម្ពុជា បានចែករំលែកទស្សនទានអភិវឌ្ឍន៍ធនធានទឹកក្នុងក្របខណ្ឌច្បាប់គ្រប់គ្រងធនធានទឹកកម្ពុជា និងបរិបទគ្រប់គ្រងធនធានទឹកចម្រុះ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG6 បទដ្ឋានទឹកស្អាតបរិភោគនៅកម្ពុជា គោលនយោបាយ និងផែនការជាតិទឹកស្អាត និងអនាម័យជាតិ កិច្ចសហប្រតិបត្តិការក្នុងគណៈកម្មការទន្លេមេគង្គ និងតំបន់មេគង្គ-ឡានឆាងទាំង ៦ប្រទេស និងបានលើកសំណើអនុវត្តគម្រោងសាកល្បងផ្គង់ទឹកស្អាតសុវត្ត្ថិភាពទឹកបរិភោគ និងការស្រោចស្រពកសិកម្មជនបទ ក្នុងតំបន់ក្រោមទំនប់សេសានក្រោម២ ដែលបន្តពីការពិភាក្សាក្នុងសិក្ខាសាលាលើកទី១ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ កន្លងមក។

ជាលទ្ធផល ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ការរៀបចំសិក្ខាសាលានេះ មានផលប្រយោជន៍ដែលមន្រ្តីប្រទេសទាំងពីរបានធ្វើការរួមគ្នា ស្វែងយល់រួមគ្នា និងទទួលស្គាល់នូវសមិទ្ធផលនានាពីការអនុវត្តបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើបជាក់ស្តែងនៅប្រទេសចិន និងកំណត់បានអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការងារសម្របសម្រួលក្នុងវិស័យធនធានទឹក ធារាសាស្រ្ត កសិកម្ម ផ្គត់ផ្គង់ទឹកស្អាតជនបទ វិទ្យាសាស្រ្តឌីជីថល ដែលភាគីចិន និងភាគីកម្ពុជា និងបន្តសិក្សាស្វែងយល់ និងអនុវត្តរួមគ្នា ព្រមទាំងបន្តរៀបចំផែនការសកម្មភាព ឈានទៅអនុវត្តគម្រោងសាកល្បង ផ្គត់ផ្គង់ទឹកស្អាត និងសុវត្ថភាពជនបទ និងប្រព័ន្ធធារាសាស្ត្រកសិកម្មខ្នាតតូចនៅជនបទ ក្នុងប្រទេសកម្ពុជា ដែលបានសម្រេចយកខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៕