Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការបង្កើតគណៈកម្មាធិការខេត្តគ្រប់គ្រងអាងទន្លេសេកុង អាងទន្លេសេសាន-ស្រែពក និងអាងព្រែកទាំង៤ (ថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ស្ដីពី ការ​បង្កើត​គណៈកម្មាធិការខេត្ត​គ្រប់គ្រង​អាង​ទន្លេ​សេកុង អាង​ទន្លេសេសាន-​ស្រែពក និង​អាង​ព្រែក​ទាំង៤  នៅភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ក្រោម​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ (MIWRMP3) ជាហិរញ្ញប្បទា​ពីធនាគារពិភពលោក។ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជានាយកគម្រោង MIWRMP3 បានដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមជាគណៈធិបតីពីឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមអភិបាលរងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី និងខេត្តមណ្ឌលគីរី។ សិក្ខាកាមចូលរួមមានឯកឧត្តម សូ សុភទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បណ្តាឯកឧត្តម អគ្គលេខាធិការរង និងមន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ពន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមការងារនៃគម្រោងសមាសភាគទី២ MIWRMP3 និងជំនាញការជាតិនៃទីប្រឹក្សាបច្ចេកទេស DHI។

កិច្ចប្រជុំមានគោលបំណង ដើម្បីទទួលបានអនុសាសន៍ជុំវិញការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ នៅភូមិភាគឦសានប្រទេស និងបានដំណើរការដោយបានស្តាប់ និងពិភាក្សាលើបទឧទ្ទេសនាមដោយមន្រ្តីអនុវត្តគម្រោង និងមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងនោះ ១) អំពីគោលការណ៍ និងសារៈសំខាន់នៃការគ្រប់គ្រងធនធានទឹកចម្រុះ និងលទ្ធផលរបស់គម្រោងដែលសម្រេចបាន ២) បទប្បញ្ញត្តិសំខាន់ៗដែលមានចែងនៅក្នុងអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី ការគ្រប់គ្រងអាងទន្លេ ៣) លក្ខខណ្ឌ និងយន្តការ រចនាសម្ពន្ធ សមាសភាព តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការខេត្តគ្រប់គ្រងអាងទន្លេសេកុង សេសាន-ស្រែពក និងអាងព្រែកទាំង៤។ អង្គប្រជុំសម្រេចបានលទ្ធផលល្អប្រសើរ ដែលនឹងលើកសំណើជូនឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ពិនិត្យ និងសម្រេចលើសំណើបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ និងព្រែកនៅភូមិភាគឦសាន តាមសំណើរបស់គម្រោង MIWRMP3ស