កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការព្យាករទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី ១៧-១៨ ខែមីនា ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ស្ដីពីការព្យាករទឹកជំនន់ និងភាពរាំងស្ងួត។ សមាសភាពក្រុមការងារជាមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជួន និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ជួបគ្នារវាងជំនាញការថ្នាក់តំបន់ និងមន្ត្រីជំនាញថ្នាក់ជាតិក្នុងការចែករំលែកបទពិសោធន៍ និងមេរៀនស្តីពី សកម្មភាពព្យាករណ៍ភាពរាំងស្ងួត និងទឹកជំនន់ (២) ពិភាក្សាលើផែនការពិនិត្យតាមដានទន្លេ និងបច្ចេកទេសព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត (៣) ពិនិត្យលើលទ្ធផលពីការសិក្សាវាយតម្លៃតម្រូវការសម្រាប់លើកកម្ពស់មជ្ឈមណ្ឌលព្យាករណ៍ថ្នាក់ជាតិ (៤) ពិនិត្យលើសំណើ វិធីសាស្ត្រ និងឧបករណ៍សម្រាប់ព្យាករណ៍ និង (៥) ពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងថ្នាក់ជាតិ និងថ្នាក់តំបន់៕