Developed by Khmer Focus

សិក្ខាសាលាស្តីពី ការត្រួតពិនិត្យ និងវាយតម្លៃ (M&E) និងការប្រតិបត្តិ និងការថែទាំ (O&M) (ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​កូនកាត់ (Hybrid) ដែល​មាន​ជួប​ផ្ទាល់​ផង តាម​អនឡាញ​ផង ស្តីពីការត្រួត​ពិនិត្យ និងវាយតម្លៃ (M&E) និងការប្រតិបត្តិ និងការថែទាំ (O&M) សមិទ្ធផលសមាសភាគទី២ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ (MIWRMP3) ក្រោមការ​ដឹក​នាំ​របស់​ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និងជានាយកគម្រោង MIWRMP3។ មានសិក្ខាកាមចូលរួមដែលជាមន្រ្តីអនុវត្តន៍គម្រោង មកពីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក មកពីក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តគោលដៅគម្រោង និងមានមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីប្រឹក្សាគម្រោងមកពី eWater អូស្រ្តាលី និងតំណាងទីប្រឹក្សាបច្ចេកទេសមកពី DHI ប្រទេសដាណឺម៉ាក។

ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ថា សិក្ខាសាលា ជាសកម្មភាពសំខាន់សម្រាប់ការគ្រប់គ្រងគម្រោង និងដើម្បីធានាថា គម្រោងត្រូវបានអនុវត្តទាំងស្រុង ជាមួយនឹងលទ្ធផលដែលកំពុងត្រូវបានពិនិត្យ និងវាយតម្លៃស្របតាមផែនការអនុវត្តន៍គម្រោង ដែលអាចទទួលយកបានស្របតាមគ្រោងការណ៍ត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើមូលដ្ឋាននៃគម្រោង និងពិភាក្សាអំពីនិរន្តរភាពនៃការត្រួតពិនិត្យធនធានទឹកនៅក្នុងអាង 3S និង 4P បន្ទាប់ពីគម្រោងបានបញ្ចប់ និងពិភាក្សាអំពីផែនការអនុវត្តន៍ O&M លើស្ថានីយជលសាស្រ្ត និងឧតុនិយម ដែលបានសាងសង់ក្នុងគម្រោងចំនួន ២៨ នៅក្នុងខេត្តទាំង ៤ ព្រមទាំងឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេច (Decision Support System)  ប្រកបដោយនិរន្តរភាពទាំងផ្នែកហិរញ្ញប្បទាន និងប្រភពការគាំទ្រ។

អង្គសិក្ខាសាលា បានស្តាប់បទបង្ហាញរបស់ទីប្រឹក្សាគម្រោង DHI និង eWater អំពីសមិទ្ធផលសំខាន់ៗរបស់គម្រោង និងបង្ហាញអំពីយុទ្ធសាស្រ្តធានានិរន្តរភាព សមិទ្ធផលគម្រោង ដែល គ.ជ.ទ.ម.ក និងក្រសួងធនធានទឹក និងឧតុនិយម រក្សា និងអនុវត្តន៍តទៅ ដូចជា ការប្រើប្រាស់់ និងថែទាំស្ថានីយជលសាស្រ្ត និងឧតុនិយម និងឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេច ដើម្បីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន ធនធានមនុស្ស កសាងមូលដ្ឋានចំណេះដឹងរឹងមាំ។

សិក្ខាកាម បានសំដែងការគាំទ្រសមិទ្ធិផលសម្រេចបានរបស់គម្រោង និងសមត្ថភាពយល់ដឹងពីការបណ្តុះបណ្តាលក្នុងអំឡុងអនុវត្តន៍គម្រោង ពិតជាមានសារៈសំខាន់ណាស់។ សិក្ខាកាម បានលើកឡើងពីក្តីកង្វល់លើថវិកាចាំបាច់សម្រាប់ការប្រើប្រាស់ចំណាយលើកិច្ចការប្រតិបត្តិ និងថែទាំសម្ភារៈឧបករណ៍របស់ស្ថានីយ និងឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេច ក្រោយពីគម្រោងបានបញ្ចប់ទៅ។ មន្រ្តីតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមអបអរសាទរសមិទ្ធផលគម្រោង និងបានផ្តល់មតិណែនាំអំពីការលើកសំណើសុំថវិកាបន្តប្រតិបត្តិ និងថែទាំសមិទ្ធផលរបស់គម្រោង ដែលនឹងបម្រើដល់ផលប្រយោជន៍នាពេលខាងមុខ ស្នើសុំថវិកាជាតិពីក្រសសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាលទ្ធផល ឯកឧត្តមប្រធានអង្គសិក្ខាសាលា បានបញ្ជាក់ថា ជារួមអង្គសិក្ខាសាលាអាចវាយតម្លៃអំពីសមិទ្ធផលធំៗសម្រេចបានរបស់គម្រោង និងស្ថាប័នពិនិត្យរៀបចំសំណើរបស់ខ្លួនសុំថវិកាប្រតិបត្តិ និងថែទាំសមិទ្ធិផលទាំងអស់របស់គម្រោងដែលផ្អែកតាមវិធីសាស្រ្តអភិក្រមចំណាយថវិកាជាតិ៕