Developed by Khmer Focus

សិក្ខាសាលាថ្នាក់ជាតិលើកទី១ នៃការចាប់ផ្តើមអនុវត្តគម្រោងស្តីពី ការត្រួតពិនិត្យគុណភាពទឹក និងការវាយតម្លៃទឹកជំនន់ (ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទី១ នៃការចាប់ផ្តើមអនុវត្តគម្រោង ក្រោមមូលនីធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ​២០២០ ស្តីពីការត្រួតពិនិត្យគុណភាពទឹក និងការវាយតម្លៃទឹកជំនន់ និងភាពរាំងស្ងួត នៅតាមដងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា និងការបង្កើតមជ្ឈមណ្ឌលព័ត៌មាន។ សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងមានការចូលរួមពីឯកឧត្តម អស់លោក លោកស្រី មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងសមាជិកក្រុមការងារគម្រោងពី គ.ជ.ទ.ម.ក។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី៖ (១) វាយតម្លៃបណ្តាញឧតុនិយម និងប្រព័ន្ធទទួលទិន្នន័យដែលត្រូវការសម្រាប់ការព្យាករណ៍ទឹកជំនន់ និងការព្រមានជាមុននៅតាមទន្លេធំៗ និងដើម្បីអនុវត្តបណ្តាញអាទិភាព និងសកម្មភាពកែលម្អប្រព័ន្ធទិន្នន័យ (២) វាយតម្លៃសមត្ថភាពលើការព្យាករណ៍ និងស្នើសុំនូវកម្មវិធីទឹកជំនន់ (ម៉ូដែល គំរូជលសាស្រ្ត និងជលគតិ ព្យាករណ៍ទឹកភ្លៀងដោយដាក់បញ្ជូលរួមនឹងការតាមដានខ្យល់ព្យុះក្នុងតំបន់ និងការប៉ាន់ស្មានកម្រិតទឹកភ្លៀងតាមផ្កាយរណប) (៣) ជួយក្នុងការរៀបចំបច្ចេកទេស និងលទ្ធកម្ម ឧបករណ៍បរិក្ខា និងឧបករណ៍សម្រាប់តំបន់ទំនាបលិចទឹកនៅខេត្តព្រៃវែង និងស្វាយរៀង ក្នុងតំបន់ដីសណ្តរទន្លេមេគង្គកម្ពុជា (៤) បង្កើត និងសាកល្បងយុទ្ធសាស្ត្រប្រតិបត្តិការសម្រាប់ការផ្សព្វផ្សាយផែនទីទឹកជំនន់ទូទាំងតំបន់ និងការព្រមានជាមុននៅកម្រិតសហគមន៍ (៥) ធ្វើការវាយតម្លៃភាពរងគ្រោះ និងហានិភ័យ នៃផលប៉ះពាល់ពីទឹកជំនន់ សម្រាប់ប្រូបាប៊ីលីតេខុសៗគ្នា និង (៦) ធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបជាបន្ទាន់ដោយថ្នាក់ជាតិ ថ្នាក់ខេត្ត និងមូលដ្ឋាន និងផ្តល់ការបណ្តុះបណ្តាលចាំបាច់ និងការអភិវឌ្ឍសមត្ថភាព សម្រាប់ប្រតិបត្តិការប្រកបដោយនិរន្តរភាព ដល់បុគ្គលិកជំនាញនៅតាមមន្ទីរ នៃខេត្តនីមួយៗ (ព្រៃវែង និងស្វាយរៀង)៕