Developed by Khmer Focus

វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១២ ដើម្បីដោះស្រាយបញ្ហាប្រឈមពីការអភិវឌ្ឍ និងបម្រែបម្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ (ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

បាងកក៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំមន្ត្រីកម្ពុជា មកពីក្រសួងធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ទីប្រឹក្សាគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទៅចូលរួមវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១២ ដើម្បីដោះស្រាយបញ្ហាប្រឈមពីការអភិវឌ្ឍ និងបម្រែបម្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ។ វេទិកាបានដឹកនាំដោយលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិទ្យាស្ថានសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃវេទិកាគឺដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នចុងក្រោយស្តីពី ការអភិវឌ្ឍធនធានទឹកទន្លេមេគង្គក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ និងប្រមូលអនុសាសន៍ពីអ្នកពាក់ព័ន្ធចម្រុះ សម្រាប់លើកកម្ពស់ការសិក្សារួមគ្នា ការគ្រប់គ្រងជលផលឆ្លងដែន ការចែករំលែកព័ត៌មាន និងកិច្ចសម្របសម្រួលពាក់ព័ន្ធនឹងទំនប់ និងការផ្តល់សេវាកម្មសម្រាប់ដោះស្រាយបញ្ហាទឹកជំនន់ និងភាពរាំងស្ងួត៕