Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់ជាតិលើកទី១ ស្តីពី ការរិះរកមធ្យោបាយ សម្រាប់លទ្ធភាពនៃការបង្កើតមូលនីធិមេគង្គ (ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដំណើរការកិច្ចប្រជុំការងារថ្នាក់ជាតិ លើកទី១ ស្តីពី ការរិះរកមធ្យោបាយ សម្រាប់លទ្ធភាព នៃការ​បង្កើតមូលនីធិមេគង្គ ក្រោមអធិបតីភាព និង​ដឹកនាំពិភាក្សារបស់ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីពាក់ព័ន្ធមកពីអាជ្ញាធរទន្លេសាប ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ (១) ផ្តល់ការយល់ដឹងអំពីឯកសារទស្សនទានស្តីពី ការរិះរកមធ្យោបាយ សម្រាប់លទ្ធភាពនៃការបង្កើតមូលនីធិមេគង្គ តាមរយៈភាពជាដៃគូ និងប្រភពហិរញ្ញប្បទានពហុភាគី សម្រាប់ជាប្រយោជន៍ដល់ធនធានបរិស្ថាន ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងក្រុមសង្គមងាយរងគ្រោះ (មូលនីធិមេគង្គ) ក៏ដូចជាដំណើរការនៃការរិះរកមធ្យោបាយសម្រាប់លទ្ធភាព នៃការបង្កើតមូលនីធិមេគង្គ និងកិច្ចការបន្ត និង (២) ផ្តល់ចម្លើយចំពោះបណ្តាសំណួរទាក់ទងនឹងមូលនីធិមេគង្គ ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូល និងទស្សនៈសម្រាប់ការរៀបចំសេចក្តីព្រាងទី១ នៃករណីសិក្សាស្តីពី យន្តការផ្គត់ផ្គង់ហិរញ្ញវត្ថុ៕