Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី សំណើគម្រោងវារីអគ្គិសនី ភូង៉យ (PNgHPP) (ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធានក្រុម​ការងារ PNPCA JCWG របស់​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ PNPCA JCWG ចូល​រួម​កិច្ច​ប្រជុំ​ការងារ​ថ្នាក់​តំបន់​ស្តីពី សំណើ​គម្រោង​វារីអគ្គិសនី ភូង៉យ (PNgHPP) តាមរយៈ VDO Conference។ កិច្ចប្រជុំនេះ​ត្រូវបាន​រៀបចំដោយ​លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) ក្រោមអធិបតីភាព និងដឹកនាំការពិភាក្សាដោយលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ MRCS និងមានការចូលរួមពីក្រុមការងារ PNPCA JCWG នៃប្រទេសជាសមាជិក MRC ទាំង៤ (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីជំនាញនៃ MRCS រួមមាន៖ នាយក នៃបណ្តានាយកដ្ឋានទាំងបួន របស់លេខាធិការដ្ឋាន បណ្តាប្រធានផ្នែក បណ្តាអ្នកឯកទេសដែលមានការពាក់ព័ន្ធ និងបុគ្គលិកលេខាធិការដ្ឋានមួយចំនួនទៀត។ ភាគីកម្ពុជាដែលបានចូលរួមកិច្ចប្រជុំរួមមាន៖ ក្រុមការងារ PNPCA JCWG របស់កម្ពុជា ដែលមានសមាជិកមកពី គ.ជ.ទ.ម.ក ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារ PNPCA WG របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងក្រុមអ្នកជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំការងារគឺ៖ (១) ជម្រាបជូន និងពិភាក្សាពីវឌ្ឍនភាពនៃការបំភ្លឺ និងព័ត៌មានស្តីពីសំណួរសំខាន់ៗដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំត្រៀមថ្នាក់តំបន់លើកទី១ របស់ក្រុមការងារ PNPCA JCWG និងភាពខ្វះខាត ឬចន្លោះប្រហោងដែលនៅសេសសល់ និង (២) ពិភាក្សាបញ្ហាបច្ចេកទេសសម្រាប់ការសិក្សា ពិនិត្យបច្ចេកទេសឡើងវិញលើសំណើគម្រោង។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍វឌ្ឍនភាពស្តីពី ការបំភ្លឺ និងព័ត៌មានស្តីពីសំណួរសំខាន់ៗដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំត្រៀមថ្នាក់តំបន់លើកទី១ របស់ក្រុមការងារ PNPCA JCWG និងភាពខ្វះខាត ឬចន្លោះប្រហោងដែលនៅសេសសល់ និងបានស្តាប់ និងពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចប្រជុំបច្ចេកទេសរវាង MRCS និងភាគីឡាវ ដែលក្នុងនោះមានអ្នកអភិវឌ្ឍន៍គម្រោងផងដែរ និងបញ្ហាបច្ចេកទេសសម្រាប់ការសិក្សា ពិនិត្យឡើងវិញលើសំណើគម្រោង។

កិច្ចការបន្ត៖ កិច្ចប្រជុំរវាងអ្នកអភិវឌ្ឍន៍គម្រោង និងភាគីថៃ នឹងត្រូវដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ និង កិច្ចប្រជុំរវាងលេខាធិការដ្ឋាន MRC ភាគីឡាវ និងអ្នកអភិវឌ្ឍន៍គម្រោងស្តីពី សេចក្តីត្រូវការក្នុងការធ្វើបច្ចុប្បន្នភាពការសិក្សា និងការវាយតម្លៃបន្ថែមដោយអ្នកវិនិយោគគម្រោង ដោយប្រើប្រាស់ទិន្នន័យ និងព័ត៌មានរបស់ MRC ដែលមានស្រាប់-ក្របខ័ណ្ឌពេលវេលាសម្រាប់កិច្ចការនេះ (ក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះ)៕ស