Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់ជាតិស្តីពី ការដាក់ពាក្យស្នើសុំដើម្បីបានក្លាយជាស្ថាប័នដែលមានការទទួលស្គាល់ជាផ្លូវការ (ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

សៀមរាបៈ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដំណើរការកិច្ចប្រជុំការងារថ្នាក់ជាតិ​ស្តីពី ការដាក់ពាក្យស្នើសុំរបស់គណៈកម្មការទន្លេ​មេគង្គ (MRC) ដើម្បីបានក្លាយជាស្ថាប័នដែល​មានការទទួលស្គាល់ជាផ្លូវការ ក្នុងការប្រើប្រាស់មូលនិធិអាកាសធាតុបៃតង (GCF) ក្រោមអធិបតីភាព និងដឹកនាំពិភាក្សារបស់ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយ​មានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីមកពីបណ្តាក្រសួងពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងអភិវឌ្ឍន៍ជនបទ។

គោលបំណងនៃកិច្ចប្រជុំគឺ៖ (១) ជម្រាបជូន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរជាតិផ្លូវច្បាប់ទទួលបន្ទុកមូលនិធិអាកាសថាតុបៃតង (GCF NDA) អំពីការរៀបចំ និងផែនការរបស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) ក្នុងការដាក់ពាក្យស្នើសុំជូនទៅមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីបានក្លាយជាអង្គភាព/ស្ថាប័នផ្លូវការ ក្នុងការប្រើប្រាស់មូលនិធិនេះ (២) ផ្តល់ការបំភ្លឺអំពីគម្រោងស្នើសុំនៃការដាក់ពាក្យស្នើសុំរបស់ MRC ដើម្បីបានក្លាយជាអង្គភាព/ស្ថាប័នផ្លូវការ ក្នុងការប្រើប្រាស់ GCF (៣) ប្រមូលមតិយោបល់ និងការណែនាំពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង GCF NDA ស្តីពី GCF readiness support សម្រាប់ MRCS និង (៤) ប្រមូលមតិយោបល់ និងការណែនាំ និងការគាំទ្រពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង GCF NDA ចំពោះការដាក់ពាក្យស្នើសុំរបស់ MRC ដើម្បីបានក្លាយជាអង្គភាព/ស្ថាប័នផ្លូវការ ក្នុងការប្រើប្រាស់ GCF និងទទួលបាននូវលិខិតតែងតាំង៕