Developed by Khmer Focus

ពិធីប្រកាសដាក់ដំណើរការ គម្រោងបច្ចេកវិទ្យាជលផលកម្ពុជា (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូល​រួមពិធីប្រកាសដាក់ដំណើរការ គម្រោងបច្ចេកវិទ្យា​ជលផលកម្ពុជា ដែលត្រូវបានរៀបចំរយៈពេលពីរ​ថ្ងៃ ពីថ្ងៃទី​៣០-៣១ ខែសីហា ឆ្នាំ២០២២ ដោយ​រដ្ឋបាលជលផល និងសាកលវិទ្យាល័យ Charles Sturt របស់ប្រទេសអូស្ត្រាលី។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីសំណាក់មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) លោក Hidefumi Murashita ទីប្រឹក្សាបច្ចេកទេសកសិកម្ម និងធារាសាស្រ្ត និងលោក Sinxay Vongphachanh អ្នកឯកទេសខាងផ្នែកធារាសាស្រ្ត និងកសិកម្ម នៃនាយកដ្ឋានផែនការ របស់លេខាធិការដ្ឋាន MRC មន្ត្រីពាក់ព័ន្ធនឹងវិស័យជលផល និងធារាសាស្រ្ត នៃប្រទេសជាសមាជិកទាំងបួនរបស់ MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីនៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃពិធីនេះគឺ៖ (១) សម្ភោធដាក់ឱ្យដំណើការ និងចាប់ផ្តើមសកម្មភាពសមាសភាគនៃគម្រោងនៅកម្ពុជា និងឡាវ (២) ចែករំលែកបទពិសោធន៍ទទួលបានពីគម្រោងផ្លូវឆ្លងកាត់របស់ត្រីក្នុងតំបន់មេគង្គ (Fish Passage projects across Mekong Region) ដើម្បីពង្រឹងកិច្ចផ្តួចផ្តើមនៃគម្រោង FishTech (៣) កែសម្រួលឱ្យបានត្រឹមត្រូវនូវផែនការការងារ និងការកំណត់ទីតាំងដំបូងសម្រាប់ការបង្ហាញអំពីការសាងសង់ផ្លូវឆ្លងកាត់របស់ត្រី (Demonstration fishway construction) និង (៤) ការកសាងសមត្ថភាពស្តីពី ការរៀបចំគ្រោងប្លង់ និងការសាងសង់ចំណាត់ថ្នាក់មេនៃត្រី (Master class capacity building of fishway design and construction)។

កិច្ចការបន្តគឺ៖ (១) ការរៀបចំគ្រោងប្លង់រួមគ្នា សម្រាប់ចំណាត់ថ្នាក់មេនៃត្រី (Master class of fishway co-design) (២) សាងសង់ផ្លូវឆ្លងកាត់របស់ត្រីសម្រាប់ជាការបង្ហាញ (៣) ពិធីការសម្រាប់ការប្រមូលទិន្នន័យ និងការវិភាគទិន្នន័យ ដោយផ្តោតទៅលើការវិនិយោគ និងអ្នកទទួលផលប្រយោជន៍ពីផ្លូវឆ្លងកាត់របស់ត្រី (៤) ការតាមដាន ត្រួតពិនិត្យផ្លូវឆ្លងកាត់របស់ត្រី និង (៥) សន្និសិទអន្តរជាតិស្តីពី ផ្លូវឆ្លងកាត់របស់ត្រី ក្នុងឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា៕