Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០២៣-២០២៤ (ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តីពី សេចក្តីព្រាងផែនការការងារ របស់​គណៈ​កម្មការ​ទន្លេមេគង្គ សម្រាប់ឆ្នាំ២០២៣-២០២៤ ដោយ​មានមន្រ្តីចូលរួមពីក្រសួងជំនាញពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណែដំបូង នៃផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០២៣-២០២៤ ដោយផ្តោតសំខាន់លើលទ្ធផល សកម្មភាពការងារជាអាទិភាព និងការបែងចែកថវិកាតាមសកម្មភាព សម្រាប់អង្គភាពជំនាញទាំង៥ របស់លេខាធិការដ្ឋាន MRC រួមមាន អង្គភាពផែនការ បរិស្ថាន គាំទ្របច្ចេកទេស/មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតប្រចាំតំបន់ និងអង្គភាពរដ្ឋបាល និងការិយាល័យនាយកប្រតិបត្តិ MRCS ដែលត្រូវចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធិភាព អនុលោមតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្ររបស់ MRC ឆ្នាំ២០២១-២០២៥ ទាំងនៅថ្នាក់តំបន់ និងនៅថ្នាក់ជាតិជាមួយប្រទេសជាសមាជិក និង (២) ប្រមូលមតិយោបល់ អនុសាសន៍ពីកិច្ចប្រជុំនៅថ្នាក់ជាតិ ដើម្បីជាធាតុចូលសម្រាប់ក្រុមការងារលេខាធិការដ្ឋាន MRC រៀបចំសម្រាប់ដាក់ឆ្លងពិនិត្យឡើងវិញនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ជាបន្តទៀត៕