Developed by Khmer Focus

កិច្ចពិគ្រោះអ្នកពាក់ព័ន្ធស្តីពី ការជ្រើសរើសទីតាំងគម្រោងសិក្សាសាកល្បង (ថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ស្ទឹងត្រែង៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសម្របសម្រួលកិច្ចពិគ្រោះអ្នកពាក់ព័ន្ធស្ដីពី ការ​ជ្រើសរើសទីតាំងគម្រោងសិក្សាសាកល្បង ក្រោម​គម្រោង UNOSSC និងដោយមានការចូលរួមពី​តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល អង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា វិទ្យាស្ថានសិក្សាស្រាវជ្រាវ មន្ទីរជំនាញពាក់ព័ន្ធ តំណាងអង្គការជាដៃគូ លេខាធិការដ្ឋាន MRC មន្ទីរជំនាញខេត្ត អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ វេទិកានេះបានចូលរួមថ្លែងបើកផងដែរពីលោក Denis Nkala ប្រធានកិច្ចការប្រព័ន្ធអង្គការសហប្រជាជាតិ និងអន្តររដ្ឋាភិបាល នៃ UNOSSC។  នាថ្ងៃទី២១ ខែតុលា តំណាងក្រសួងបានចុះទៅជួបអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ភូមិ និងសហគមន៍មូលដ្ឋាន រួមមាន សហគមន៍នេសាទ និងសហគមន៍ប្រើប្រាស់ទឹក នៅស្រុកសេសាន និងបានពិគ្រោះអំពីការជ្រើសរើសទីតាំងគម្រោងសិក្សាសាកល្បងដែលមានចម្ងាយជាង ៤០គម ពីទីរួមខេត្ត។

គោលបំណងនៃកិច្ចពិគ្រោះគឺដើម្បី៖ (១) ពិភាក្សាបន្ថែមអំពីការជ្រើសរើសទីតាំងគម្រោងសិក្សាសាកល្បង (២) ចុះទៅពិនិត្យទីតាំងសាកល្បងដែលបានស្នើឡើងតាមប្រទេស (ស្ទឹងត្រែង) (៣)  ពិភាក្សាអំពីរចនាសម្ព័ន្ធ ការអនុវត្តថ្នាក់ជាតិសម្រាប់គម្រោងសាកល្បងថ្នាក់ជាតិនៅកម្ពុជា និង (៤) ពិភាក្សាជាមួយអ្នកពាក់ព័ន្ធអំពីបញ្ហាពាក់ព័ន្ធដែលទាក់ទងនឹង P-LINK និងសមាហរណកម្មនៃវិស័យទាំងបី (ទឹក ស្បៀង ថាមពល) ក្នុងការអនុវត្ត និង (៥) ដើម្បីបង្កើតសូចនាករណ៍ថ្មីសម្រាប់គម្រោងសិក្សាសាកល្បង៕