Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី ការដាក់ពាក្យស្នើសុំរបស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​ដំណើរ​ការ​កិច្ចប្រជុំ​ការងារ​ថ្នាក់​តំបន់​ស្តីពី ការ​ដាក់​ពាក្យ​ស្នើសុំរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីបានក្លាយជាស្ថាប័នដែលមាន​ការទទួលស្គាល់ជាផ្លូវការ ក្នុងការប្រើប្រាស់មូលនិធិអាកាសធាតុបៃតង (GCF) ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សា Dr. Thim Ly ប្រធានផ្នែកផែនការអាងទន្លេ នៃនាយកដ្ឋានផែនការ MRCS។ សមាជិកចូលរួមកិច្ចប្រជុំរួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRC Secretariat និងអ្នកជំនាញនៃលេខាធិការដ្ឋាន GCF (GCF Secretariat)។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គោលបំណងនៃកិច្ចប្រជុំគឺ៖ (១) រាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចប្រជុំការងារថ្នាក់ជាតិស្តីពីកិច្ចការនេះនាពេលកន្លងមក (២) ផ្តល់ការបំភ្លឺអំពីសំណើគម្រោងស្តីពី ការដាក់ពាក្យស្នើសុំរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីបានក្លាយជាស្ថាប័នដែលមានការទទួលស្គាល់ជាផ្លូវការក្នុងការប្រើប្រាស់ GCF (៣) ទទួលបាននូវមតិយោបល់ និងការណែនាំពីគណៈកម្មាធិការជាតិទន្លេមេគង្គនៃបណ្តាប្រទេសជាសមាជិក អាជ្ញាធរជាតិដែលត្រូវបានការទទួលស្គាល់តាមផ្លូវច្បាប់ (NDAs) និង GCF Secretariat ស្តីពី ការដាក់ពាក្យស្នើសុំរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីបានក្លាយជាស្ថាប័នដែលមានការទទួលស្គាល់ជាផ្លូវការក្នុងការប្រើប្រាស់មូលនិធិអាកាសធាតុបៃតង (GCF) (MRC Application for GCF Accreditation) និង (៤) ពិភាក្សា និងទទួលបានការឯកភាពគ្នាអំពីកិច្ចការដែលត្រូវធ្វើបន្តទៀត។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើរបៀបវារៈសំខាន់ៗ មានជាអាទិ៍ (១) ការរៀបចំខ្លួនរបស់ MRC Secretariat សម្រាប់ការដាក់ពាក្យស្នើសុំ ដើម្បីបានក្លាយជាស្ថាប័នដែលមានការទទួលស្គាល់ជាផ្លូវការក្នុងការប្រើប្រាស់ GCF (២) លទ្ធផល និងអនុសាសន៍សំខាន់ៗនៃការវាយតម្លៃភាពខ្វះចន្លោះរបស់ MRC Secretariat (៣) សំណើគម្រោងស្តីពី GCF Readiness Support for MRC (៤) មតិយោបល់ និងការណែនាំពី GCF Secretariat (៥) លិខិតចាត់តាំង ឬលិខិតមិនជំទាស់ (Nomination Letter/ No-objection Letter) ពី NDAs នៃប្រទេសជាសមាជិក MRC (សម្រាប់កម្ពុជាគឺ ពីក្រសួងបរិស្ថាន) និង (៦) ផែនការការងារដែលបានធ្វើបច្ចុប្បន្នភាព៕