Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ឧបករណ៍ពិនិត្យតាមដាន និងព្យាករណ៍ភាពរាំងស្ងួត ដោយប្រើប្រាស់ទិន្នន័យពីផ្កាយរណប (ថ្ងៃទី ០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ហាណូយ៖ ក្រុម​ការងារ​កម្ពុជា បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្តីពី ឧបករណ៍​ពិនិត្យ​តាមដាន និង​ព្យាករណ៍​ភាព​រាំងស្ងួត ដោយ​ប្រើប្រាស់​ទិន្នន័យ​ពីផ្កាយ​រណប។ សិក្ខាសាលា​ត្រូវបាន​ដឹកនាំសម្របសម្រួល​ដោយលោក Tran Minh Khoi នាយកផ្នែកគាំទ្របច្ចេកទេស នៃលេខាធិការដ្ឋាន MRC។ ដោយឡែក សមាសភាពពីកម្ពុជា រួមមានតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៖ លោក ឈាង ហុង ប្រធាននាយដ្ឋាន លោក មាក ឆវណ្ណារិយ អនុប្រធាន និងលោក យ៉ង់ ចាន់បូរី មន្ត្រីជំនាញ នៃនាយដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងតំណាងក្រសួងធនធានទឹក និងឧតុនិយម៖ លោក ហ៊ុន សុទ្ធី អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោក សូអ៊ីម មណីជោតិ អនុប្រធាននាយកដ្ឋានឧតុនិយម។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី៖ ១. ពង្រឹងសមត្ថភាព និងសមត្ថភាពរបស់ទីភ្នាក់ងារជាតិលើការត្រួតពិនិត្យ និងការព្យាករគ្រោះរាំងស្ងួត ២. ណែនាំអំពីឧបករណ៍ថ្មីដែលមជ្ឈមណ្ឌលទើបបង្កើត ដើម្បីធ្វើការគណនាសន្ទស្សន៍ភាពរាំងស្ងួតឱ្យបានប្រសើរជាងមុន និង ៣. ពង្រឹងការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរចំណេះដឹង រវាងក្រុមការងារថ្នាក់ជាតិ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតតំបន់ស្តីពី ការពិនិត្យតាមដាន និងព្យាករណ៍ភាពរាំងស្ងួត៕