វគ្គបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិស្តីពី ការប្រើប្រាស់ Google Earth Engine ថ្នាក់មូលដ្ឋាន (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២)
កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិស្តីពី ការប្រើប្រាស់ Google Earth Engine ថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីមន្រ្តីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល និងក្រុមការងារ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
វគ្គបណ្តុះបណ្តាលបច្ចេកទេសនេះមានគោលបំណងដើម្បី៖ (១) ណែនាំអំពីកម្មវិធី Google Earth Engine ដល់អ្នកប្រើប្រាស់ជាមន្ត្រីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានការយល់ដឹងមូលដ្ឋានអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងផ្កាយរណប និង (២) ស្វែងយល់ពីកម្មវិធី និងមុខងារមូលដ្ឋានដែលពាក់ព័ន្ធនិងការប្រមូលរូបភាព ការដកស្រង់ និងទាញយកផលិតផលពីផ្កាយរណបសម្រាប់ការងា នាពេលអនាគត៕