Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្រ្ត និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមេគង្គ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដំណើរការកិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់ជាតិស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្រ្ត និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ​មេគង្គ (MASAP) និងគម្រោងបន្ស៊ាំឆ្លងដែន ក្រោមអធិបតីភាព និងដឹកនាំពិភាក្សារបស់ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីមកពីបណ្តាក្រសួងពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អ្នកជំនាញការជាតិ និងអ្នកជំនាញការមកពីលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺ៖ (១) ពិភាក្សា និងប្រមូលមតិយោបល់ស្តីពី សេចក្តីព្រាងឯកសារទស្សនទានស្តីពី គម្រោងបន្ស៊ាំឆ្លងដែន (គម្រោងតំបន់ដីសណ្តរទន្លេមេគង្គ) និង (២) ពិភាក្សា និងប្រមូលមតិយោបល់ស្តីពី ការបញ្ជ្រាប MASAP ទៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះរាំងស្ងួតនៅកម្រិតជាតិ និងកម្រិតក្រោមជាតិ។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់៖ សេចក្តីព្រាងឯកសារទស្សនទាននៃគម្រោងស្តីពី ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ដើម្បីធានានូវសន្តិសុខទឹកនៅក្នុងតំបន់ដីសណ្តរទន្លេមេគង្គ ក្រោមលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្រិតកម្ពស់នៃនីវ៉ូសមុទ្រ និងបទបង្ហាញស្តីពី ការបញ្ជ្រាប MASAP ទៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះរាំងស្ងួតនៅកម្រិតជាតិ និងកម្រិតក្រោមជាតិ ដែលផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនមានជាអាទិ៍ (១) គោលបំណង និងវិធីសាស្រ្ត (២) អភិបាលកិច្ច គោលនយោបាយ យុទ្ធសាស្រ្ត និងគម្រោងគ្រប់គ្រងគ្រោះរាំងស្ងួតនៅកម្រិតជាតិ និងកម្រិតក្រោមជាតិ (៣) ការប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងដែននៅក្នុងគោលនយោបាយ យុទ្ធសាស្រ្ត និងគម្រោងគ្រប់គ្រងគ្រោះរាំងស្ងួត (៤) លទ្ធផលនៃការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងទូទាំងអាងទន្លេរបស់ MRC និងអាទិភាពនៃ MASAP និងផែនការសកម្មភាព សម្រាប់ការគ្រប់គ្រងគ្រោះរាំងស្ងួត (៥) ការកំណត់សកម្មភាពគ្រប់គ្រងគ្រោះរាំងស្ងួតនៅកម្រិតជាតិ និងកម្រិតក្រោមជាតិ សម្រាប់ការបញ្ជ្រាប MASAP និង (៦) ការកំណត់អាទិភាពនៃសកម្មភាពគ្រប់គ្រងគ្រោះរាំងស្ងួត សម្រាប់ការបញ្ជ្រាប MASAP៕