Developed by Khmer Focus

កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៩ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៧ (ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វង់តាវ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិ​ន្ត្រៃយ៍ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​ជា​សមាជិកបម្រុងក្រុមប្រឹក្សាគណ:កម្មការទន្លេមេគង្គនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង​ធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពជាមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៩ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៧។

កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៩ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត Tran Hong Ha រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃប្រទេសវៀតណាម ជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២២ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តី នៃប្រទេសជាសមាជិក MRC បីផ្សេងទៀតរួមមាន៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ និងផែនការការងាររបស់ MRC ឆ្នាំ២០២២ ដោយផ្តោតលើការលើកកម្ពស់កិច្ចដំណើរការស្ថាប័ន និងការអនុវត្តការងារ ការពង្រឹងប្រសិទ្ធភាពការអនុវត្តនិតីវិធីគ្រប់គ្រងការប្រើប្រាស់ទឹក ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម និងកិច្ចការសំខាន់មួយចំនួនផ្សេងទៀត។ កិច្ចប្រជុំក៏បានពិនិត្យ អនុម័តយល់ព្រមលើកម្មវិធីរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ ក្នុងឆ្នាំ២០២៣ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ និងការអនុម័តយល់ព្រមលើផែនការការងារ ២ឆ្នាំបន្ត២០២៣-២០២៤ ដើម្បីអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ២០២១-២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង២០២១-២០២៣ របស់ MRC។

នៅក្នុងកិច្ចប្រជុំ ប្រទេសជាសមាជិក MRC ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទនា ចិនបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលដែល MRC សម្រេចបានក្នុងឆ្នាំ២០២២ ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ និងបានប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាឱ្យកាន់តែសកម្មថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឱ្យបានកាន់តែរឹងមាំ គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

នៅមុនពេលបិទកិច្ចប្រជុំជាផ្លូវការ ឯកឧត្តមបណ្ឌិត Tran Hong Ha ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២២ បានផ្ទេរវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២៣ មកកម្ពុជា ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី៣០ និងកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍លើកទី២៨ ក្នុងឆ្នាំ២០២៣៕