កិច្ចប្រជុំថ្នាក់ជាតិស្តីពី Economics of Land Degradation និងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី ០៧-០៨ ខែធ្នូ ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិស្តីពី Economics of Land Degradation និងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីមន្រ្តីនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន មន្រ្តីមកពី ICEM, GIZ, MRCS ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំថ្នាក់ជាតិគឺដើម្បី (១) ពិភាក្សាជាមួយភាគីពាក់ព័ន្ធសំខាន់ៗនៅថ្នាក់ជាតិ ដើម្បីបង្កើតវិសាលភាពនៃការវិភាគសេដ្ឋកិច្ច ដំណោះស្រាយតាមធម្មជាតិ (NbS) សម្រាប់អនុអាង 9C ស្ទឹងមង្គលបូរី (២) កសាងសមត្ថភាពមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធលើគោលគំនិតស្នូល តម្លៃ អត្ថប្រយោជន៍ និងសេណារីយ៉ូ (៣) ពិនិត្យឡើងវិញ និងសង្ខេបអំពីលទ្ធផលនៃសកម្មភាពដំណាក់កាលទី៣ (៤) ពិនិត្យឡើងវិញនូវលទ្ធផលនៃមូលនិធិ GEF និង (៥) ពិភាក្សាជំហានបន្ទាប់ សម្រាប់ឆ្នាំ ២០២៣៕