Developed by Khmer Focus

កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​បណ្តា​មិត្ត និង​ប្រទេស​នៅ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិ​បត្តិការ​អាមេរិក​ស្តី​ពី និរន្តរ​ភាព​មេគង្គ (ថ្ងៃទី ០២-០៣ ខែកុម្ភៈ ឆ្នាំ២០១៥)

(MRC-BDP)

ចំប៉ាសាក់៖ គណៈ​ប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ វិសាមញ្ញ​នៃ​បណ្តា​មិត្ត និង​ប្រទេស​នៅ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិ​បត្តិការ​អាមេរិក (US-Lower Mekong Initiative LMI) ស្តី​ពី និរន្តរ​ភាព​មេគង្គ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ាក់សេ ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ​លេខា​ធិការ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​តំណាង​ប្រទេស​សមាជិក កម្ពុជា ឡាវ ថៃ វៀតណាម និង​ប្រទេស​មីយ៉ានម៉ា គណៈ​កម្មការ​ទន្លេ​មេគង្គ ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី សហគមន៍​អ៊ឺរ៉ុប សាធារណរដ្ឋ​កូរ៉េ ជប៉ុន អាល្លឺម៉ង់ ហ្វាំងឡងដ៍ ដាណឺម៉ាក ស៊ុយអ៊ែត ញូស៊ីឡង់ដ៍ អូស្ត្រាលី ហូឡង់ដ៍ ប៊ែលហ្សីក និងសហរដ្ឋអាមេរិក សរុប​ចំនួន ៨២រូប។

គោលបំណងនៃកិច្ចប្រជុំ៖ (១) បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានានូវវិបុលសុខ និងចីរភាពនៃអនាគតអនុតំបន់មេគង្គ ដែលជាមនសិការសំខាន់សម្រាប់ដំណើរការសហគមន៍អាស៊ាន និង (២) ធ្វើឱ្យភាពខ្វះចន្លោះនៃការអភិវឌ្ឍកាន់តែតូច (៣) កសាងភាពស្ថិតស្ថេរនៃភាពដៃគូអាស៊ីអាគ្នេយ៍ដើម្បីធ្វើឱ្យប្រាកដប្រជានៃគោលដៅរបស់ ASEAN។

នៅក្នុងពិធីបើក លោក Viraphone Viravong អនុរដ្ឋមន្រ្តីរ៉ែ និងថាមពល នៃប្រទេសឡាវ បានបញ្ជាក់ថា ប្រទេសឡាវបានកំណត់អាទិភាពអភិវឌ្ឍន៍ថាមពលវារីអគ្គិសនី តែធានាបាននូវនិរន្តរភាពក្នុងកម្រិតខ្ពស់ តាមរយៈបច្ចេកវិជ្ជាទំនើប និងការឆ្លើយតបនឹងសង្គម និងបរិស្ថាន។ ប្រធានប្រតិភូនៃប្រទេសសមាជិក LMI និងបណ្តាប្រទេស ដៃគូអភិវឌ្ឍន៍ ដែលជាមិត្ត-ដៃគូ របស់ US-LMI បានចាប់អារម្មណ៍ និងបង្ហាញនូវការប្តេជ្ញាចិត្តលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកសាង និងពង្រឹងសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ទន្លេមេគង្គ និងការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសចំពោះប្រទេសជាសមាជិក និងសម្រាប់គណៈកម្មការទន្លេមេគង្គ។ អង្គប្រជុំបានសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលត្រូវធានាបាននូវភាពប្រទាក់គ្នារវាងសន្តិសុខ-សុវត្ថិភាពទឹក ស្បៀង និងថាមពល (Water-Food-Energy Security Nexus) ក្នុងតំបន់ទាំងមូល។

កិច្ចប្រជុំបានស្តាប់បទឧទេ្ទសនាមពីបទពិសោធន៍អភិវឌ្ឍន៍ និងចំណេះដឹង ជាពិសេសទន្លេ Danube នៅសហគមន៍អ៊ឺរុប គណៈកម្មការទន្លេ Mississippi នៅសហរដ្ឋអាមេរិក និងគណៈកម្មការទន្លេមេគង្គ។ បន្ទាប់មកកិច្ចប្រជុំបានបែងចែកជា ៣ផ្នែក ដើម្បីពិភាក្សាលម្អិតតាមប្រធានបទ (១) ក្របខ័ណ្ឌការពារ (២) ហិរញ្ញវត្ថុនៃការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធ និង (៣) ផែនការ និងការគ្រប់គ្រង។

ចំណុចរួមបានឯកភាពដោយតំណាងប្រទេស និងដៃគូ FLM មានដូចខាងក្រោម៖

  • បានទទួលស្គាល់ចំពោះតម្រូវការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអាងទន្លេ ជាមួយគ្រប់ប្រទេសមានព្រំប្រទល់ជាប់គ្នា ដែលជាបរិធាន-ឧបករណ៍សំខាន់សម្រាប់ការអភិវឌ្ឍដ៏ចិរភាពក្នុងតំបន់
  • បានបង្ហាញពីសារសំខាន់នៃអភិក្រមប្រទាក់គ្នា (Nexus Approach) ដែលពិចារណាពីការផ្សារភ្ជាប់គ្នារវាងទឹក ថាមពល និងស្បៀង ដើម្បីការលូតលាស់សេដ្ឋកិច្ចទៅមុខ ជាពិសេសក្នុងបរិបទនៃភាពឆាប់រហ័សនៃបម្រែបម្រួលអាកាសធាតុ
  • បានទទួលស្គាល់ពីសារសំខាន់នៃការកំណត់អាទិភាព និងមធ្យោបាយអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងកម្រិតជាតិ និងរួមគ្នាកម្រិតតំបន់ជាដៃគូ ដើម្បីប្រើប្រាស់ជា ឧបករណ៍ជាក់ស្តែងសម្រាប់វាយតម្លៃហេតុប៉ះពាល់នៃផែនការអភិវឌ្ឍន៍ និងដើម្បីពង្រឹងដំណើរការនៃការធ្វើសេចក្តីសម្រេចដែលមានភស្តុតាង
  • បានឯកភាពថា ការកសាងភាពដៃគូពហុវិស័យនៅកម្រិតជាតិ ក្រោមជាតិ និងតំបន់ មានសារសំខាន់ដើម្បីដោះស្រាយការអភិវឌ្ឍអាងទន្លេ និងភាពប្រឈមនានា ទាក់ទងនឹងទឹកក្នុងអាងទន្លេមេគង្គ
  • បានឯកភាពថា ការផ្លាស់ប្តូរនូវភាពប្រឈមដែលលេចធ្លោរ នៃការប្រទាក់គ្នារវាងសន្តិសុខទឹក ស្បៀង និងថាមពល ទៅជាកាលានុវត្តភាពសម្រាប់ការលូតលាស់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាចំណុចអាទិភាពរួមមួយ
  • បានឯកភាពគាំទ្រការអភិវឌ្ឍប្រកបដោយចិរភាពក្នុងតំបន់ទន្លេមេគង្គ រួមមាន បណ្តាវិស័យ កសិកម្មទំនើប ការគ្រប់គ្រងទឹក ប្រសិទ្ធភាពថាមពល និងក្របខ័ណ្ឌការងារបរិស្ថាន
  • បានឯកភាពលើសារសំខាន់នៃបណ្តាញភ្ជាប់ថាមពលរួមគ្នាក្នុងតំបន់ (Integrated Regional Power Grid) ដើម្បីគាំទ្រដល់ការគិតពិចារណា Trade-off ដោយប្រទាក់គ្នាក្នុងតំបន់ទាំងមូល ដោយសមធម៌ និងដើម្បីជួយប្រទេសមេគង្គចុះសម្រុងជាមួយគ្នាតាមបទដ្ឋានប្រតិបត្តិការ និងបច្ចេកទេស
  • សមាជិកដៃគូ FLM និងស្ថាប័នក្នុងតំបន់ ជាពិសេស គណៈកម្មការទន្លេមេគង្គ បានអះអាងជួយដល់ការអនុវត្តកម្មវិធីបច្ចេកទេស ដើម្បីភាពជឿនលឿនទៅមុខនៃចិរភាពក្នុងអនុតំបន់មេគង្គ
  • បានអះអាងពីសារសំខាន់នៃការខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលរវាងក្របខ័ណ្ឌអនុតំបន់មេគង្គ ដូចជាករណីប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្មវិធីមេគង្គ និងជប៉ុន និង LMI៕