Developed by Khmer Focus

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ការ​ធា​នា​គុណ​ភាព​លើ​ការ​យក​សំណាក​ទឹក និង​ការ​ថែ​រក្សា​សំណាក (ថ្ងៃទី​២៧-២៨ ខែសីហា ឆ្នាំ២០១៥)

(CNMC-EP)

សៀមរាប៖ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ស្តីពី ការ​ធានា​គុណ​ភាព​លើ​ការ​យក​សំណាក​ទឹក និង​ការ​ថែ​រក្សា​សំណាក នៅ​សណ្ឋាគារ​អង្គរប៉ារ៉ាឌី ខេត្ត​សៀមរាប ដឹក​នាំ​ដោយ​ឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម មន្ត្រី​តាម​បណ្តា​ខេត្ត​ទាំង ១០ នៃ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម (កំពង់ធំ​, សៀមរាប, បន្ទាយ​មានជ័យ, បាត់ដំបង, ពោធិសាត់, កំពង់​ឆ្នាំង, ឧត្តរ​មានជ័យ, ប៉ៃលិន, កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ)​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា (CNMC) និង​មន្ត្រី​លេខាធិការ​ដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ (MRCS)។

គោល​បំណង​នៃ​សិក្ខា​សា​លា​នេះ​គឺ​ដើម្បី ទី១) ពិនិត្យ​ឡើង​វិញ​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​ទាក់​ទង​នឹង​សមត្ថ​ភាព​បុគ្គលិក​ថ្នាក់​ខេត្ត លើ​ការ​យក​សំណាក​គុណ​ភាពទឹក និង​ទី២) ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​លើ​វិធី​សាស្ត្រ​យក​សំណាក​ទឹក។

ក្នុង​ឱកាស​នៃ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​រយៈពេល ០២ថ្ងៃ​នេះ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ២០១៥ សិក្ខា​កាម​ទាំង​អស់​បាន​ចុះ​ទៅ​អនុវត្ត​ជាក់​ស្តែង​នៅ​ទី​តាំង​ផ្ទាល់​តាម​បណ្តោយ​ទន្លេ​សាប ក្នុង​ខេត្ត​សៀមរាប អំ​ពី​ការ​យក​សំណាក​ទឹក​ផង​ដែរ៕