ទស្សនៈកិច្ចផ្លាស់ប្តូរបច្ចេកទេសថ្នាក់តំបន់ ក្នុងការពិសោធន៍គុណភាពទឹក ដើម្បីធ្វើឱ្យការអនុវត្តប្រព័ន្ធ QA/QC កាន់តែល្អប្រសើរឡើង (ថ្ងៃទី ១១-១៣ ខែវិច្ឆិកា ឆ្នាំ២០១៥)
(MRC-EP)
ហូជីមិញ៖ គណៈកម្មការទន្លេមេគង្គ បានចុះទស្សនៈកិច្ចថ្នាក់តំបន់ ក្នុងការផ្លាស់ប្តូរបច្ចេកទេស ពិសោធន៍គុណភាពទឹក ដើម្បីធ្វើឱ្យការអនុវត្តប្រព័ន្ធ QA/QC កាន់តែប្រសើរឡើង នៅមន្ទីរពិសោធន៍គុណភាពទឹក ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សរុប១៧រូប (ស្ត្រី ០៦រូប)។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានចំនួន ០៣រូប រួមមានលោក ជា វណ្ណារ៉ា ប្រធានការិយាល័យវិភាគគុណភាពទឹក នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម លោក ខុម ចាន់ធូ មន្ត្រីការិយាល័យវិភាគគុណភាពទឹក នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ថៃ ពិសិដ្ឋ មន្រ្តីសម្របសម្រូលថ្នាក់ជាតិ របស់កម្មវិធីបរិស្ថាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃការចុះទស្សនៈកិច្ចនេះគឺ៖ ១) ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការគ្រប់គ្រងមន្ទីរពិសោធន៍ លើការត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ២) ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញលើការអនុវត្ត QA/QC សម្រាប់ធានាគុណភាពទឹកលើការយកសំណាកទឹក និងការថែរក្សាសំណាក និង ៣) ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញលើការអនុវត្ត QA/QC អំឡុងពេលវិភាគសំណាកទឹកក្នុងមន្ទីរពិសោធន៍ ព្រមទាំងបានផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងអំពី ការយកសំណាកទឹក ការវិភាគលើសមាសធាតុមួយចំនួន រួមទាំងការគ្រប់គ្រងមន្ទីរពិសោធន៍៕