កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី ផែនការសកម្មភាពសម្រាប់ការអនុវត្តគម្រោងគ្រប់គ្រងទឹកជំនន់ (ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥)
(CNMC-FMMP)
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី ផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៥ នៃកម្មវិធីគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីមន្ត្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២០រូប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សាលំអិតទៅលើផែនការសកម្មភាព នៃការងារស្នូលចំនួន ៨ ដែលត្រូវអនុវត្តនោះរួមមាន៖
- ការកំណត់នូវលក្ខណៈទឹកជំនន់បច្ចុប្បន្ន និងអនាគត ក្នុងបរិបទប្រែប្រួលអាកាសធាតុ
- គម្រោងសាកល្បងស្ដីពី ការកាត់បន្ថយភាពងាយរងគ្រោះដោយទឹកជំនន់
- ការកំណត់អំពីអនាគត នៃការអភិវឌ្ឍក្នុងតំបន់វាលទំនាប
- អនាគតនៃរបបទឹកជំនន់
- ការកំណត់នូវភាពខូចខាត ដោយសភាពការណ៍ទឹកជំនន់បច្ចុប្បន្ន និងអនាគត
- ហានិភ័យនៃអនាគតទឹកជំនន់
- ការសិក្សាគម្រោងសាកល្បង សម្រាប់រៀបចំយុទ្ធសាស្ត្រគ្រប់គ្រងទឹកជំនន់ និង
- ការរៀបចំធ្វើផែនទីទឹកជំនន់
និងពិភាក្សាលើយន្តការសម្រាប់សហការអនុវត្តផែនការនេះ៕