សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងនូវការយល់ដឹង និងការចូលរួមកិច្ចសហប្រតិបត្តិការមេគង្គ (ថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៥)
(CNMC-ICBP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងនូវការយល់ដឹង និងការចូលរួមកិច្ចសហប្រតិបត្តិការមេគង្គ ក្នុងក្របខ័ណ្ឌ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងគណៈកម្មការទន្លេមេគង្គ (MRC) ដែលដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីតំណាងមន្ត្រីថ្នាក់ជាតិនៃក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិក សរុបចំនួន ២៥រូប។
ឯកឧត្តមប្រធានអង្គសិក្ខាសាលាបានមានប្រសាសន៍ថា៖ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ផ្សព្វផ្សាយឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដែលបានអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការគ្រប់គ្រង និងការអភិរក្សធនធានទឹក និងធនធានដែលពាក់ព័ន្ឋក្នុងអាងទន្លេមេគង្គ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ សិក្ខាសាលានេះជាវេទិកាចែករំលែកពីការយល់ដឹងអំពី ការលើកកម្ពស់យន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ពីកិច្ចប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងបណ្តានីតិវិធី គោលការណ៍ណែនាំបច្ចេកទេស យុទ្ធសាស្ត្រកម្មវិធីនានា និងទិសដៅអនាគតរបស់គណៈកម្មការទន្លេមេគង្គ តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០១៦-២០២០។
ឯកឧត្តមបណ្ឌិត អាន ពេជ្រហត្ថដា បានធ្វើបទបង្ហាញជូនសិក្ខាកាមចូលរួមអំពីប្រវត្តិសង្ខេប និងកិច្ចសហប្រតិបត្តិការរវាង MRC និង CNMC និងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអំពីផលប្រយោជន៍រូបវ័ន្ត និងមិនរូបវ័ន្ត ផលប្រយោជន៍សេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងផលប្រយោជន៍ពីសហប្រតិបត្តិការតំបន់ ដែលកម្ពុជាទទួលបានពីកិច្ចសហប្រតិបត្តិការជាមួយ MRC។ បង្ហាញជូនពីសារៈសំខាន់នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីទាំង ៥ ព្រមទាំងចំណុចខ្វះខាត និងការលំបាកមួយចំនួនក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជម្រាបជូនផងដែរអំពី ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងហិរញ្ញវត្ថុរបស់ MRC ក្នុងពេលដំណើរការពីមជ្ឈការទៅវិមជ្ឈការមុខងារស្នូលគ្រប់គ្រងអាងទន្លេ ដោយអនុលោមតាមសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលលើកទី១ និងលើកទី២ របស់ MRC ប្រមុខរដ្ឋាភិបាលប្រទេសជាសមាជិកទាំងបួន កម្ពុជា ឡាវ ថៃ និងវៀតណាម ដែលបានបញ្ជាក់ពីការតាំងចិត្តមុតមាំលើស្វ័យភាពហិរញ្ញវត្ថុនៅឆ្នាំ២០៣០៕