Developed by Khmer Focus

សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី ការ​បង្កើត​គោល​ការណ៍​ណែ​នាំ​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះ​ពាល់ និង​ការ​គ្រប់​គ្រង​ហានិភ័យ​នៃ​ទំ​នប់​វារី​អគ្គិ​សនី នៅ​លើ​ទន្លេ​មេ និង​ដៃ​ទន្លេ​មេគង្គ​ក្រោម (ថ្ងៃទី១០-១១ ខែ​សីហា ឆ្នាំ២០១៥)

(CNMC-ISH)

សៀមរាប៖ គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី ការ​បង្កើត​គោល​ការណ៍​ណែ​នាំ​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ និង​ការ​គ្រប់​គ្រង​ហា​និភ័យ​ នៃ​ទំ​នប់​វារី​អគ្គិ​សនី​នៅ​លើ​ទន្លេ​មេ ​និង​ដៃ​ទន្លេ​មេ​គង្គ​ក្រោម ដោយ​មាន​ការ​​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​មក​ពី​ក្រ​សួង-​ស្ថាប័ន អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មន្ត្រី​គណៈ​កម្មា​ធិការ​​ជាតិ​​ទន្លេ​មេ​គង្គ​កម្ពុជា និង​មន្ត្រី​លេ​ខា​ធិការ​ដ្ឋាន​គណៈ​​កម្មការ​​ទន្លេ​​មេ​គង្គ​សរុប​ចំនួន ២៦​​រូប​ ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម តែ​ ណាវុធ អគ្គ​លេខា​ធិការ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទនេ្ល​មេ​គង្គ​កម្ពុជា។

គោល​បំណង​​នៃ​សិក្ខា​សា​លា​នេះ​គឺ ទី១- បង្ហាញ​លទ្ធ​ផល​បាន​មក​ពី​ការ​ស្រាវ​ជ្រាវ​លើ​បទ​ពិសោធន៍​ថ្នាក់​តំបន់ ​និង​សកលស្តី​ពី ជម្រើស​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដែល​ពាក់​ព័ន្ធ​ទៅ​​នឹង​ការ​អភិ​វឌ្ឍន៍​វារី​អគ្គិ​សនី​នៅ​ទន្លេ​មេ​គង្គ ទី២- ពន្យល់​ពី​របៀប​នៃ​ការ​វិភាគ​ និង​ការ​ស្រាវ​ជ្រាវ​ដែល​អាច​​នឹង​ត្រូវ​បាន​បក​ប្រែ​ទៅ​មាន​ប្រសិទ្ធ​ភាព​​នៃ​ជម្រើស​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ទាំង​នេះ ទី៣- ការ​ផ្តល់​អនុសាសន៍​ស្តី​ពី ការ​កែ​លម្អ​ និង​វិធី​សាស្រ្ត​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់ ទី៤- ក្រុម​ជំ​នាញ​ការ​ត្រូវ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ដើម្បី​គ្រប​ដណ្តប់​គម្លាត​ចំណេះ​ដឹង​ដ៏​សំខាន់​នេះ ទី៥- ការ​ផ្តល់​នូវ​គោល​ការណ៍​ណែ​នាំ ​និង​មូល​ដ្ឋាន​ចំណេះ​ដឹង​ឱ្យ​បាន​ច្រើន​ទៅ​លើ​វិធី​​សាស្រ្ត​កាត់​បន្ថយ និង​ដំណោះ​ស្រាយ​ដោយ​ផ្អែក​លើ​ករណី​ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​នេះ នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​បាន​សម​ស្រប សម្រាប់​ការ​ផ្សព្វ​ផ្សាយ តាម​រយៈ​គេហ​ទំព័រ​​របស់​គណៈ​កម្មការ​ទន្លេ​មេ​គង្គ ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត និង​ទី៦- តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​កសាង​សមត្ថ​ភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ទាំង​អស់​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​​នៃ​ផល​ប៉ះ​ពាល់ ការ​វាយ​តម្លៃ​ជៀស​វាង​ការ​បង្រួម​អប្បបរមា​ និង​ការ​​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៅ​ក្នុង​វិស័យ​ឧស្សា​ហកម្ម និង​ក្នុង​ទី​ភ្នាក់​ងារ៕