Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ឧបករណ៏​វាយ​តម្លៃ​ដោយ​រហ័ស នៃ​និរន្តរ​ភាព​វារី​អគ្គិសនី ក្នុង​បរិបទ​ឆ្លង​ដែន​រវាង​កម្ពុជា និង​វៀតណាម (RSAT-TB) (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានអញ្ជើញ​ចូល​រួម ដឹក​នាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី ឧបករណ៍​វាយ​តម្លៃ​ដោយ​រហ័ស នៃ​និរន្តរ​ភាព​វារីអគ្គិសនី ក្នុង​បរិបទឆ្លង​ដែន​រវាង​កម្ពុជា និង​វៀតណាម (RSAT-TB) ដោយ​មាន​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ និង​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ សរុបចំនួន ២៧រូប។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ទី១- បង្ហាញជូនមន្ត្រីចូលរួមបានយល់ដឹងពីប្រធានបទ គោលការណ៍ នីតិវិធី និងវិធីសាស្ត្រប្រើប្រាស់ ឧបករណ៍ RSAT ទី២- ពិភាក្សាពីទិន្នន័យដែលជាធាតុចូលដ៏សំខាន់ទាក់ទងនឹងប្រធានបទ RSAT សម្រាប់ធ្វើការវាយតម្លៃរួមជាមួយភាគីវៀតណាម លើអាងទន្លេក្នុងបរិបទឆ្លងដែន ក្នុងភូមិសាស្ត្រទន្លេស្រែពក និងទី៣- ពិភាក្សា និងប្រមូលយកអនុសាសន៍ដែលទទួលបានក្នុងកិច្ចប្រជុំនេះ សម្រាប់យកទៅពិភាក្សារួមគ្នាក្នុងកិច្ចប្រជុំខាងមុខ ជាមួយភាគីវៀតណាម អំពីបញ្ហាដែលនឹងធ្វើការវាយតម្លៃរួមគ្នា តាមរយៈឧបករណ៍ RSAT នៅក្នុងអាងទន្លេស្រែពក៕