Developed by Khmer Focus

(CNMC-CCAI)

សៀមរាប៖ គណៈ​​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​បើក​កិច្ច​​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​វិភាគ​គោល​នយោបាយ ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ ក្នុង​ប្រទេស​កម្ពុជា នៅ​​សណ្ឋា​គារ​អង្គរប៉ារ៉ាឌី ខេត្ត​សៀមរាប ដែល​​មាន​​សមាជិក​ចូល​រួម​​សរុប​​ចំនួន ៣១រូប ជា​​មន្រ្តី​បច្ចេក​ទេស​មក​ពី​បណ្តា​ក្រសួង ស្ថាប័ន​​ជា​​សមាជិក​ គ.ជ.ទ.ម.ក និង​ពាក់ព័ន្ធ​គ្រឹះ​ស្ថាន សិក្សា​​ស្រាវ​​ជ្រាវ​ និង​​មន្រ្តី​​​សម្រប​​​សម្រួល​​ថ្នាក់​ជាតិ នៃ​បណ្តា​កម្ម​វិធី​​ពាក់ព័ន្ធ របស់ គ.ជ.ទ.ម.ក និង​​​​​លេខា​​ធិការ​ដ្ឋាន​​​គណៈ​កម្មការ​ទន្លេ​​មេគង្គ​​។

ក្នុងនាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​​​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម និ​ងជា​ប្រធាន​ គ.ជ.ទ.ម.ក ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​​ធិការ គ.ជ.ទ.ម.ក បាន​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស​ក្នុង​ការ​​បើក និង​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះ​​យោបល់​នេះ ដោយ​បាន​​បញ្ជាក់​​ថា គោល​បំណង​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ គឺ​ដើម្បី​បង្ហាញ និង​ពិភាក្សា​​លើ៖ ១)​ ក្រប​ខ័ណ្ឌ ​សម្រាប់​​វិភាគ​គោល​នយោបាយ​ស្តី​ពី ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ ក្នុង​អាង​​ទន្លេ​​មេគង្គ​ក្រោម ២) សេចក្តី​ព្រាង​លទ្ធ​ផល នៃ​ការ​វិភាគ​​គោល​នយោបាយ​ថ្នាក់​ជាតិ​ស្តី​ពី ការ​ប្រែ​​ប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ ក្នុង​ប្រទេស​កម្ពុជា ៣) ពិនិត្យ​លើ​ច្បាប់​គតិយុត្តិ និង​គោល​នយោបាយ​តាម​វិស័យ និង​ស្ថាប័ន​ជាតិ​ដែល​មាន​អាណត្តិ​ពាក់ព័ន្ធ​​នឹង​ការ​ងារ​​ប្រែ​ប្រួល​​អាកាស​ធាតុ។

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ដូច​គ្នា​នេះ ក៏​មាន​ធ្វើ​ដូច​គ្នា​ដែរ នៅ​ក្នុង​​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ (ឡាវ ថៃ និងវៀតណាម) ហើយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ក្នុង​ប្រទេស​ជា​សមាជិក​រួច លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ នឹង​ត្រូវ​បាន​ធ្វើ​សំយោគ​បញ្ចូល​គ្នា​ជា​​សេចក្តី​ព្រាង​គោល​នយោបាយ សម្រាប់​ថ្នាក់​តំបន់​មេគង្គ រួច​នឹង​ត្រូវ​ដាក់​ឆ្លង​ការ​ពិភាក្សា ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ដើម្បី​ទទួល​បាន​គោល​នយោបាយ​ថ្នាក់​តំបន់​រួម​មួយ៕