វគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពយូរអង្វែង សម្រាប់ការគ្រប់គ្រងទឹក នៅទន្លេមេគង្គភាគខាងក្រោម ដោយប្រើប្រាស់ការអង្កេតរូបភាពផ្កាយរណប (ថ្ងៃទី ០៥-០៧ ខែតុលា ឆ្នាំ២០១៦)
ហាណូយ៖ អង្គការត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ADPC (Asian Disaster Preparedness Center) សហការជាមួយអង្គការ USAID, NASA និង SERVIR-Mekong បានរៀបចំវគ្គបណ្តុះបណ្ដាលស្ដីពី ការកសាងសមត្ថភាពយូរអង្វែង សម្រាប់ការគ្រប់គ្រងទឹកនៅទន្លេមេគង្គភាគខាងក្រោម នៅមជ្ឍមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ទីក្រុងហាណូយ ប្រទេសវៀតណាម។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមមកពីប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា សរុបចំនួន ៣០រូប ក្នុងនោះអ្នកចូលរួមមកពីកម្ពុជាមានចំនួន ០៣រូប មកពីក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ (១) ដើម្បីកសាងសមត្ថភាពដល់សិក្ខាកាមទាំងអស់ឱ្យយល់ដឹងអំពីការគ្រប់គ្រងទឹក (២) ដើម្បីដោះស្រាយតម្រូវការផ្សេងៗ និងសហប្រតិបត្ដិការរវាងថ្នាក់តំបន់ ថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធ នៅក្នុងតំបន់ឥណ្ឌូចិន (៣) ដើម្បីគ្រប់គ្រងធនធានទឹករួមគ្នា ឈានទៅការកាត់បន្ថយហានិភ័យគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់៕