កិច្ចប្រជុំស្តីពីការពង្រឹងការចូលរួមរបស់អ្នកពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងបឹងទន្លេសាប (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧)
ពោធិសាត់៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាមួយលោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន ត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប ជាគណៈអធិបតីដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំស្តីពី ការពង្រឹងការចូលរួមរបស់អ្នកពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងបឹងទន្លេសាប ដែលសហការរៀបចំដោយអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីរួមខេត្តពោធិសាត់។
មានអ្នកចូលរួមចំនួន ២៥រូប ជាមន្រ្តីក្រុមការងារគម្រោងអាជ្ញាធរទន្លេសាប មន្រ្តី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីមន្ទីរពាក់ព័ន្ធនៃខេត្តជុំវិញទន្លេសាប និងតំណាងសហគមន៍នេសាទ។
កិច្ចប្រជុំបានជម្រាបជូនអ្នកចូលរួមនូវខ្លឹមសារសង្ខេបអំពីប្រវត្តិសាវតាគម្រោងសហប្រតិបត្តិការកម្ពុជា-ថៃស្តីពី ការគ្រប់គ្រងអាងទន្លេសាប និងទន្លេសុងក្លា ដំណើរការអនុវត្ត និងលទ្ធផលទទួលបានកន្លងមក។ កិច្ចប្រជុំបានផ្តល់ជូនបទឧទ្ទេសនាមស្តីពី បញ្ហាគ្រប់គ្រងទឹកឆ្លងដែននៅកម្រិតតំបន់ និងក្រោមជាតិ និងទស្សននៃការគ្រប់គ្រងធនធានទឹកចម្រុះ និងការអនុវត្តសម្រាប់ការគ្រប់គ្រងអាងទន្លេ។
ជាលទ្ធផលផ្សារភ្ជាប់នឹងការយល់ដឹងលើប្រធានបទនៃបទឧទ្ទេសនាម អង្គប្រជុំបានជ្រើសរើសប្រធានបទ៣ មកពិភាក្សា៖ (១) ការគ្រប់គ្រងជលផល តាមរយៈសហគមន៍ (២) ការពង្រឹងអភិបាលកិច្ចរបស់សហគមន៍ និង (៣) ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅកម្រិតសហគមន៍។ លទ្ធផលនៃកិច្ចប្រជុំ និងលទ្ធផលពិភាក្សា នឹងត្រូវបានរៀបចំដោយជំនាញការជាតិ ជារបាយការណ៍នៃកិច្ចប្រជុំ និងសម្រាប់ចែករំលែកជាមួយក្រុមការងារទន្លេសុងក្លា ខាងភាគីថៃ នាពេលកិច្ចប្រជុំរួម៕