ហ្លួងប្រាបាង៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី ការកែលំអនូវវិធីសាស្ត្រវាស់ធារទឹក និងកម្រិតកករ និងការប្រើប្រាស់ទិន្នន័យ HYCOS នៅហ្លួងប្រាបាង ប្រទេសឡាវ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃប្រទេសជាសមាជិក មន្ត្រីសម្របសម្រួលថ្នាក់ជាតិ តំណាងលេខាធិការដ្ឋាន និងក្រុមទីប្រឹក្សា CNR។ ដោយឡែក តំណាងពីកម្ពុជា មានមន្ត្រីជំនាញតំណាងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ០៣រូប (លោក ហ៊ន សុវណ្ណា ប្រធានការិយាល័យការងារជលសាស្ត្រ លោក ជា វណ្ណារ៉ា ប្រធានការិយាល័យវិភាគគុណភាពទឹក និងលោក ហ៊ុន សុទ្ធី អនុប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់) និងមន្ត្រីតំណាង ០១រូប ពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ឈាង ហុង មន្ត្រីសម្របសម្រួលផ្នែកគាំទ្របច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) បង្ហាញអំពីវិធីសាស្ត្រវាស់ធារទឹក និងកម្រិតកករប្រកបដោយប្រសិទ្ធភាព (២) ណែនាំរបៀបវាស់ធារទឹក និងកម្រិតកករនៅតាមទីតាំងជាក់ស្តែង និង (៣) ណែនាំអំពីការគ្រប់គ្រងទិន្នន័យ ការពិនិត្យគុណភាពទិន្នន័យ និងការប្រើប្រាស់ទិន្នន័យ ព័ត៌មាន។
តាមរយៈសិក្ខាសាលា សិក្ខាកាមបានយល់ដឹងអំពីវិធីសាស្ត្រ និងលក្ខណៈបច្ចេកទេសនៃការវាស់ធារទឹក និងលំហូរកករ ព្រមទាំងការប្រើប្រាស់ឧបករណ៍ ការអនុវត្តល្អ ការបម្លែងទិន្នន័យដើម ការវិភាគ និងការប្រើប្រាស់ទិន្នន័យ សម្រាប់អនុវត្តន៍ជាមួយគម្រោង Mekong-HYCOS ថ្មី។ សិក្ខាកាមក៏មានឱកាសក្នុងការចែករំលែកអំពីវិធីសាស្ត្រ និងការប្រើប្រាស់ឧបករណ៍បច្ចេកទេសទាំងនោះដែលបានប្រើប្រាស់តាមស្ថានភាពជាក់ស្តែងនៃប្រទេសរៀងៗខ្លួនកន្លងមក។
សិក្ខាកាមបានធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមអូប័រ ដើម្បីស្តាប់ការណែនាំពីក្រុមជំនាញ CNR អំពីការអនុវត្តជាក់ស្តែង ដោយធ្វើការសាកល្បងប្រមូលទិន្នន័យពីការវាស់ធារទឹក និងកម្រិតកករ នៅក្បែរស្ថានីយ៍ Mekong-HYCOS ហ្លួងប្រាបាង តាមក្រុមនីមួយៗ។ បន្ទាប់ពី អនុវត្តន៍លំហាត់សាកល្បងប្រមូលទិន្នន័យ ការពិនិត្យគុណភាពទិន្នន័យ និងការប្រើប្រាស់ទិន្នន័យ ត្រូវបានណែនាំដោយអង្គសិក្ខាសាលា៕