Developed by Khmer Focus
សិក្ខា​សា​លា​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ថ្នាក់​តំបន់​ស្តីពី ការ​កែ​លំអ​នូវ​វិធី​សាស្ត្រ​វាស់​ធារ​ទឹក និង​កម្រិត​កករ និង​ការ​ប្រើ​ប្រាស់​ទិន្នន័យ HYCOS (ថ្ងៃទី ២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០១៦)

ហ្លួង​ប្រា​បាង៖ លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​​គ្រូ​បង្គោល​ថ្នាក់​តំបន់​ស្តីពី ការ​កែលំអ​នូវ​វិធីសាស្ត្រ​​វាស់​ធារទឹក និង​កម្រិត​កករ និង​ការ​ប្រើប្រាស់​​ទិន្នន័យ HYCOS នៅ​ហ្លួងប្រាបាង ប្រទេសឡាវ ដោយ​មាន​ការ​ចូល​រួម​​ពី​មន្ត្រី​ជំនាញ​នៃ​ប្រទេស​​ជា​សមាជិក មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ តំណាង​លេខា​ធិការ​ដ្ឋាន និង​ក្រុមទីប្រឹក្សា CNR។ ដោយឡែក តំណាងពីកម្ពុជា មានមន្ត្រីជំនាញតំណាងនាយកដ្ឋានជលសាស្ត្រ និង​ការងារ​ទន្លេ ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ០៣រូប (លោក  ហ៊ន សុវណ្ណា ប្រធាន​​ការិយា​ល័យ​ការងារជលសាស្ត្រ លោក ជា វណ្ណារ៉ា ប្រធាន​ការិយាល័យ​វិភាគ​គុណភាព​ទឹក និងលោក ហ៊ុន សុទ្ធី អនុប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់) និង​មន្ត្រី​តំណាង ០១រូប​ ពី​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ឈាង ហុង មន្ត្រីសម្រប​សម្រួល​​ផ្នែកគាំទ្រ​បច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងព័ត៌មាន និង​ចំណេះដឹង។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) បង្ហាញអំពីវិធីសាស្ត្រវាស់ធារទឹក និងកម្រិត​​​​កករប្រកប​ដោយ​​ប្រសិទ្ធភាព (២) ណែនាំ​​​​របៀបវាស់ធារទឹក និងកម្រិតកករនៅតាមទីតាំងជាក់ស្តែង និង (៣) ណែនាំ​​​​អំពីការគ្រប់គ្រងទិន្នន័យ   ការ​​​ពិនិត្យគុណភាពទិន្នន័យ​ និងការ​ប្រើប្រាស់ទិន្នន័យ ព័ត៌មាន។

តាមរយៈសិក្ខាសាលា សិក្ខាកាមបានយល់ដឹងអំពីវិធីសាស្ត្រ និងលក្ខណៈបច្ចេកទេសនៃ​ការ​វាស់​ធារទឹក និង​លំហូរ​កករ ព្រមទាំង​ការប្រើ​ប្រាស់​​​​ឧបករណ៍ ការអនុវត្តល្អ ការបម្លែង​ទិន្នន័យ​ដើម ការវិភាគ និង​ការប្រើប្រាស់ទិន្នន័យ សម្រាប់អនុវត្តន៍ជាមួយគម្រោង Mekong-HYCOS ថ្មី។ សិក្ខាកាម​ក៏​មានឱកាសក្នុងការចែករំលែកអំពីវិធីសាស្ត្រ និងការប្រើប្រាស់​ឧបករណ៍​បច្ចេក​​​ទេស​​ទាំង​នោះ​​​ដែលបានប្រើប្រាស់តាមស្ថានភាពជាក់ស្តែង​នៃប្រទេស​រៀងៗ​ខ្លួនកន្លងមក។

សិក្ខាកាមបានធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមអូប័រ ដើម្បីស្តាប់ការណែនាំ​ពីក្រុមជំនាញ CNR អំពីការ​អនុវត្ត​ជាក់ស្តែង ដោយធ្វើការ​សាកល្បងប្រមូលទិន្នន័យពីការ​វាស់ធារទឹក និងកម្រិតកករ នៅក្បែរ​ស្ថានីយ៍ Mekong-HYCOS ហ្លួងប្រាបាង តាមក្រុមនីមួយៗ។ បន្ទាប់ពី អនុវត្តន៍លំហាត់សាកល្បងប្រមូលទិន្នន័យ ការពិនិត្យគុណភាពទិន្នន័យ និងការប្រើប្រាស់​ទិន្នន័យ ត្រូវ​បាន​ណែនាំដោយអង្គសិក្ខាសាលា៕