សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងរបាយការណ៍ស្ដីពី ការពិនិត្យឡើងវិញផ្នែកបទដ្ឋានច្បាប់ និងផ្នែកស្ថាប័ននៅថ្នាក់ជាតិនៃប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការវាយតម្លៃបរិស្ថានឆ្លងដែន នៅទីក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្រ្តីតំណាងមកពី ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរទន្លេសាប មន្ទីរជំនាញ និងខេត្តពាក់ព័ន្ធ (ខេត្តស្ទឹងត្រែង រតនគិរី) អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សរុបចំនួន ៤៥រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ចែករំលែកនូវការយល់ដឹងអំពីក្របខ័ណ្ឌ និងគោលការណ៍បច្ចេកទេសវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ និង (២) ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ថ្នាក់ជាតិស្តីពី ក្របខ័ណ្ឌបទដ្ឋានច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានកម្ពុជា។ របាយការណ៍ថ្នាក់ជាតិនេះ នឹងជាទុនមួយអាចជួយក្នុងដំណើរការរៀបចំបញ្ចប់នូវគោលការណ៍បច្ចេកទេសវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ ដែលគ្រោងនឹងលើកយកទៅពិភាក្សាកម្រិតតំបន់ ក្នុងចំណោមប្រទេសជាសមាជិក ក្នុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ៕