Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ លើ​សេចក្តី​ព្រាង​របាយការណ៍​ស្តីពី ការ​ពិនិត្យ​ឡើង​វិញ​ផ្នែក​បទដ្ឋាន​ច្បាប់ និង​ផ្នែក​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​បរិស្ថាន​ឆ្លងដែន (ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧)

សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់ជាតិ លើសេចក្ដីព្រាង​របាយការណ៍ស្ដីពី ការពិនិត្យឡើងវិញផ្នែកបទដ្ឋានច្បាប់ និងផ្នែកស្ថាប័ននៅថ្នាក់ជាតិនៃប្រទេសកម្ពុជា ពាក់ព័ន្ធ​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ឆ្លងដែន នៅទីក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងដោយមានការចូលរួមពីមន្រ្តីតំណាងមកពី ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរទន្លេសាប មន្ទីរជំនាញ និងខេត្តពាក់ព័ន្ធ (ខេត្តស្ទឹងត្រែង រតនគិរី) អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សរុបចំនួន ៤៥រូប។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ចែករំលែកនូវការយល់ដឹងអំពីក្របខ័ណ្ឌ និងគោលការណ៍បច្ចេកទេសវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ និង (២) ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ថ្នាក់ជាតិស្តីពី ក្របខ័ណ្ឌបទដ្ឋានច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានកម្ពុជា។ របាយការណ៍ថ្នាក់ជាតិនេះ នឹងជាទុនមួយអាចជួយក្នុងដំណើរការរៀបចំបញ្ចប់នូវគោលការណ៍បច្ចេកទេសវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ ដែលគ្រោងនឹងលើកយកទៅពិភាក្សាកម្រិតតំបន់ ក្នុងចំណោមប្រទេសជាសមាជិក ក្នុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ៕