Developed by Khmer Focus
សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​របាយ​ការណ៍​បឋម (ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧)

កំពង់ចាម៖ ឯកឧត្តម ​​ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​របាយការណ៍​បឋម​ស្តីពី ការ​សិក្សា​លើ​ការ​អភិវឌ្ឍន៍ និង​គ្រប់​គ្រង​ធនធាន​ទឹក លើ​ទន្លេ​មេគង្គ ដែល​ភ្ជាប់​ជា​មួយ​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​បឹង​ទន្លេសាប ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និងគណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា នៅខេត្តកំពង់ចាម។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៣៥រូប មកពីបណ្តានាយកដ្ឋានជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម ​ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

សិក្ខាសាលានេះមានគោលបំណងពិនិត្យពិភាក្សាលើរបាយការណ៍បឋមស្តីពី ការសិក្សាលើការអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានទឹក លើទន្លេមេគង្គ ដែលភ្ជាប់ជាមួយផ្ទៃរងទឹកភ្លៀងនៃបឹងទន្លេសាប មុននឹងដំណើរការអនុវត្តគម្រោង។ គម្រោងនេះទ្រទ្រង់ថវិកាដោយសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានមេគង្គ និងដឹកនាំអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម។ គម្រោងនេះមានរយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១៨ខាងមុខ។ គម្រោងនេះបែងចែកជាពីរដំណាក់កាលគឺ ដំណាក់កាលបឋមមានរយៈពេលបីខែ និងដំណាក់កាលរៀបចំរបាយការណ៍អំពីការសិក្សាមានរយៈពេលប្រាំបួនខែ។

គម្រោងនេះនឹងផ្តល់នូវលទ្ធផលដូចខាងក្រោម៖

១- របាយការណ៍វាយតម្លៃអំពីស្ថានភាពព័ត៌មាន និងចំណេះដឹងក្នុងតំបន់មេគង្គ-ទន្លេសាប និងវាយទំនាបដីសើម

២- របាយការណ៍វាយតម្លៃលើប្រព័ន្ធអេកូឡូស៊ី ផលប៉ះពាល់ពីការអភិវឌ្ឍនៅផ្នែកខាងលើមកលើវិស័យជលផល កសិកម្ម និងតំបន់ដីសើម

៣- ការវាយតម្លៃបុរេលក្ខណៈជលសាស្រ្ត សម្រាប់ការបង្វែរទឹកនូវដើមទឹកជំនន់ពីមេគង្គចូលទន្លេសាប

៤- ការស្នើរចនាបទរូបសាស្រ្ត សម្រាប់ការបង្វែរទឹក

៥- ការវិភាគសេដ្ឋកិច្ច-សង្គមលើតំបន់ដែលត្រូវបង្វែរទឹក និង

៦- ការស្នើឡើងនូវទិសដៅយុទ្ធសាស្រ្ត សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍វាលទំនាប។

បន្ទាប់ពីសិក្ខាសាលានេះ នឹងមានសិក្ខាសាលាចំនួនពីរបន្ថែមទៀត នៅក្នុងពេលខាងមុខគឺ សិក្ខាសាលាដើម្បីពិនិត្យមើលលើរបាយការណ៍ពាក់កណ្តាលសម្រេច និងសិកា្ខសាលាស្តីពីរបាយការណ៍បញ្ចប់៕