កំពង់ចាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ លើរបាយការណ៍បឋមស្តីពី ការសិក្សាលើការអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានទឹក លើទន្លេមេគង្គ ដែលភ្ជាប់ជាមួយផ្ទៃរងទឹកភ្លៀងនៃបឹងទន្លេសាប ដែលសហការរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅខេត្តកំពង់ចាម។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៣៥រូប មកពីបណ្តានាយកដ្ឋានជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
សិក្ខាសាលានេះមានគោលបំណងពិនិត្យពិភាក្សាលើរបាយការណ៍បឋមស្តីពី ការសិក្សាលើការអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានទឹក លើទន្លេមេគង្គ ដែលភ្ជាប់ជាមួយផ្ទៃរងទឹកភ្លៀងនៃបឹងទន្លេសាប មុននឹងដំណើរការអនុវត្តគម្រោង។ គម្រោងនេះទ្រទ្រង់ថវិកាដោយសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានមេគង្គ និងដឹកនាំអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម។ គម្រោងនេះមានរយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១៨ខាងមុខ។ គម្រោងនេះបែងចែកជាពីរដំណាក់កាលគឺ ដំណាក់កាលបឋមមានរយៈពេលបីខែ និងដំណាក់កាលរៀបចំរបាយការណ៍អំពីការសិក្សាមានរយៈពេលប្រាំបួនខែ។
គម្រោងនេះនឹងផ្តល់នូវលទ្ធផលដូចខាងក្រោម៖
១- របាយការណ៍វាយតម្លៃអំពីស្ថានភាពព័ត៌មាន និងចំណេះដឹងក្នុងតំបន់មេគង្គ-ទន្លេសាប និងវាយទំនាបដីសើម
២- របាយការណ៍វាយតម្លៃលើប្រព័ន្ធអេកូឡូស៊ី ផលប៉ះពាល់ពីការអភិវឌ្ឍនៅផ្នែកខាងលើមកលើវិស័យជលផល កសិកម្ម និងតំបន់ដីសើម
៣- ការវាយតម្លៃបុរេលក្ខណៈជលសាស្រ្ត សម្រាប់ការបង្វែរទឹកនូវដើមទឹកជំនន់ពីមេគង្គចូលទន្លេសាប
៤- ការស្នើរចនាបទរូបសាស្រ្ត សម្រាប់ការបង្វែរទឹក
៥- ការវិភាគសេដ្ឋកិច្ច-សង្គមលើតំបន់ដែលត្រូវបង្វែរទឹក និង
៦- ការស្នើឡើងនូវទិសដៅយុទ្ធសាស្រ្ត សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍វាលទំនាប។
បន្ទាប់ពីសិក្ខាសាលានេះ នឹងមានសិក្ខាសាលាចំនួនពីរបន្ថែមទៀត នៅក្នុងពេលខាងមុខគឺ សិក្ខាសាលាដើម្បីពិនិត្យមើលលើរបាយការណ៍ពាក់កណ្តាលសម្រេច និងសិកា្ខសាលាស្តីពីរបាយការណ៍បញ្ចប់៕