Developed by Khmer Focus
ពិធីសម្ពោធមជ្ឈមណ្ឌលសកល ដើម្បីសិក្សាមេគង្គ-កម្ពុជា (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯក​ឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ពិធី​សម្ពោធ មជ្ឈ​មណ្ឌល​សកល ដើម្បី​សិក្សា​មេគង្គ-​កម្ពុជា (Global Center For Mekong Studies in Cambodia) នៅ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​វិទ្យា​ស្ថាន​ខ្មែរ សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព (CICP) ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ពូ សុធីរៈ អគ្គ​នាយក​ប្រតិបត្តិ និង​ឯក​ឧត្តម សុខ សុកេន អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ GCMS មន្រ្តីអគ្គរាជទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្រ្តីក្រសួង ស្ថាប័ន វិទ្យាស្ថានសិក្សាអប់រំ និងអង្គការសង្គមស៊ីវិល។

អ្នកចូលរួមបានស្តាប់ប្រវត្តិនៃការកើតឡើង និងចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសតាមដងទន្លេមេគង្គ រួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងចំណាប់អារម្មណ៍អំពីសារសំខាន់នៃការបង្កើតមជ្ឈមណ្ឌលនេះនៅកម្ពុជា ដែលចាប់ដំណើរការពីថ្ងៃនេះតទៅ៕