ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមពិធីសម្ពោធ មជ្ឈមណ្ឌលសកល ដើម្បីសិក្សាមេគង្គ-កម្ពុជា (Global Center For Mekong Studies in Cambodia) នៅប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ក្រោមអធិបតីភាពឯកឧត្តម ពូ សុធីរៈ អគ្គនាយកប្រតិបត្តិ និងឯកឧត្តម សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ GCMS មន្រ្តីអគ្គរាជទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្រ្តីក្រសួង ស្ថាប័ន វិទ្យាស្ថានសិក្សាអប់រំ និងអង្គការសង្គមស៊ីវិល។
អ្នកចូលរួមបានស្តាប់ប្រវត្តិនៃការកើតឡើង និងចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសតាមដងទន្លេមេគង្គ រួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងចំណាប់អារម្មណ៍អំពីសារសំខាន់នៃការបង្កើតមជ្ឈមណ្ឌលនេះនៅកម្ពុជា ដែលចាប់ដំណើរការពីថ្ងៃនេះតទៅ៕