សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលការណ៍បច្ចេកទេសក្នុងការអនុវត្តក្របខណ្ឌសូចនាករ របស់គណៈកម្មការទន្លេមេគង្គ (MRC-IF) ដោយមានមន្ត្រីជំនាញពាក់ព័ន្ធដែលជាតំណាងមកពីក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា (EDC) អគ្គលេខាធិការដ្ឋាន CNMC និងមន្ត្រីជំនាញការថ្នាក់តំបន់ របស់លេខាធិការដ្ឋាន MRC។
គោលបំណងសំខាន់ៗនៃកិច្ចប្រជុំ៖
១- ពិភាក្សា និងផ្តល់យោបល់លើឯកសារទស្សនទានស្តីពី ផែនការសកម្មភាពប្រមូល និងផលិតទិន្នន័យ (Data Acquisition and Generate Action Plan " DAGAP")
២- ពិភាក្សា និងផ្តល់យោល់លើវិធីសាស្ត្រវាយតម្លៃលើដែនកំណត់តម្លៃសូចនាករ ក្នុងការអនុវត្ត MRC-IF និង
៣- ពិភាក្សាអំពីការខ្វះចន្លោះទិន្នន័យដែលមានបច្ចុប្បន្ន និងការកំណត់ជម្រើសបំពេញទិន្នន័យដែលខ្វះចន្លោះ ជាមួយក្រសួងស្ថាប័នជំនាញនៃប្រទេសជាសមាជិក MRC។
លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ៖
១- ទទួលបានយោបល់ពីតំណាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធចូលរួម ដែលជាធាតុចូលសម្រាប់ (i) សំណើលើវិធីសាស្ត្រសម្រាប់ដែនកំណត់សូចនាករ និង (ii) ទស្សនទានទៅលើការរៀបចំ DAGAP និង
២- ឯកភាពលើការងារជំហានបន្ត ក្នុងការរៀបចំបញ្ចប់ឯកសារគោលការណ៍ណែនាំបច្ចេកទេសទាំងពីរខាងលើនេះ៕