Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលការណ៍បច្ចេកទេសក្នុងការអនុវត្តក្របខណ្ឌសូចនាករ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ០២-០៣ ខែឧសភា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ​ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិ​ស្តីពី គោលការណ៍បច្ចេកទេស​ក្នុងការអនុវត្តក្របខណ្ឌសូចនាករ របស់គណៈកម្មការទន្លេមេគង្គ (MRC-IF) ដោយមានមន្ត្រីជំនាញពាក់ព័ន្ធដែលជាតំណាងមកពីក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា​ (EDC) អគ្គលេខាធិការដ្ឋាន CNMC និងមន្ត្រីជំនាញការថ្នាក់តំបន់ របស់លេខាធិការដ្ឋាន MRC។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំ៖

១- ពិភាក្សា និងផ្តល់យោបល់លើឯកសារទស្សនទានស្តីពី ផែនការសកម្មភាពប្រមូល និងផលិតទិន្នន័យ (Data Acquisition and Generate Action Plan " DAGAP")

២- ពិភាក្សា និងផ្តល់យោល់លើវិធីសាស្ត្រវាយតម្លៃលើដែនកំណត់តម្លៃសូចនាករ ក្នុងការអនុវត្ត MRC-IF និង

៣- ពិភាក្សាអំពីការខ្វះចន្លោះទិន្នន័យដែលមានបច្ចុប្បន្ន និងការកំណត់ជម្រើសបំពេញទិន្នន័យដែលខ្វះចន្លោះ ជាមួយក្រសួងស្ថាប័នជំនាញនៃប្រទេសជាសមាជិក​ MRC។

លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ៖

១- ទទួលបានយោបល់​ពីតំណាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធចូលរួម ដែលជាធាតុចូលសម្រាប់ (i)​ សំណើលើវិធីសាស្ត្រសម្រាប់ដែនកំណត់សូចនាករ និង (ii) ទស្សនទានទៅលើការរៀបចំ DAGAP និង

២- ឯកភាពលើការងារជំហានបន្ត ក្នុងការរៀបចំបញ្ចប់ឯកសារគោលការណ៍ណែនាំបច្ចេកទេស​ទាំងពីរខាងលើនេះ៕