Developed by Khmer Focus

សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ស្តី​ពី ការ​ពង្រឹង​ការ​យល់​ដឹង និង​ការ​ចូល​រួម​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​ ក្នុង​ក្រប​ខ័ណ្ឌ​គណៈ​​ក​ម្មា​​ធិ​ការ​​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា និង​​គណៈ​​កម្ម​ការ​​ទន្លេ​​មេគង្គ (ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៥)

(CNMCS)

ពោធិសាត់៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងនូវការយល់ដឹង និងការចូលរួមកិច្ចសហប្រតិបត្តិការមេគង្គ ក្នុងក្របខ័ណ្ឌ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងគណៈកម្មការទន្លេមេគង្គ (MRC) នៅខេត្តពោធិសាត់ ដែលដឹកនាំដោយឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការរង CNMC និងមានការចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរផែនការមកពីខេត្ត-ក្រុងចំនួន ១៤ ជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ ក្នុងនោះរួមមានៈ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិសាត់ កំពង់ចាម ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគីរី កំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ សរុបចំនួន ៣៥រូប។

គោល​បំណង​នៃ​សិក្ខា​សា​លា​នេះ​គឺ៖ ទី១- ជម្រាប​ជូន​អំ​ពី​ទិស​ដៅ​របស់ MRC សម្រាប់​ពេល​អនាគត តាម​រយៈ​ការ​បង្ហាញ​ជូន​នូវ​ឯក​សារ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​អាង (Basin Development Strategy) 2016-​2020 ផែន​ការ​យុទ្ធ​សាស្ត្រ​របស់ MRC 2016-​2020 និង​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ស្ថាប័ន MRC ទី២- ចែក​រំលែក​ការ​យល់​ដឹង​អំ​ពី​ការ​លើក​កំពស់​យន្ត​ការ​សម្រប​សម្រួល និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​ជា​មួយ​ក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ក្រប​ខណ្ឌ MRC និង ទី៣- ចែក​​រំលែក និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ស្តី​ពី​ កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​បណ្តា​នីតិ​វិធី គោល​ការណ៍​ណែ​នាំ​បច្ចេក​ទេស ព្រម​ទាំង​យុទ្ធ​សាស្ត្រ​កម្ម​វិធី​នានា​របស់ MRC។

ឯកឧត្តម អាន ពេជ្រហត្ថដា បាន​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិ​សង្ខេប និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង MRC និង CNMC និងជា​មួយ​ក្រសួង‑​ស្ថាប័ន​ពាក់​ព័ន្ធ និង​អំពី​ផល​ប្រយោជន៍​រូបវ័ន្ត​ និង​មិន​រូបវ័ន្ត ផល​ប្រយោជន៍​សេដ្ឋកិច្ច-​ហិរញ្ញវត្ថូ និង​ផល​ប្រយោជន៍​ពី​សហ​ប្រតិ​បត្តិ​ការ​តំបន់ ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ MRC។ បញ្ជាក់​ជូន​ពី​សារៈ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ១៩៩៥​ និង​នីតិ​វិធី​ទាំង ៥ ព្រម​ទាំង​ចំណុច​ខ្វះ​ខាត និង​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ។ ឯក​ឧត្តម​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​អំ​ពី ការ​ធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ និង​ហិរញ្ញវត្ថុ​របស់ MRC ក្នុង​ពេល​ដំណើរ​ការ​ពី មជ្ឈ​ការ​ទៅ វិមជ្ឈការ​មុខ​ងារ​ស្នូល​គ្រប់​គ្រង​អាង​ទន្លេ ដោយ​អនុលោម​តាម​សេចក្តី​ថ្លែង​ការណ៍​នៃ​កិច្ច​ប្រជុំ​កំពូល​លើក​ទី១ និង​លើក​ទី២ របស់ MRC ប្រមុខ​រដ្ឋា​ភិបាល​ប្រទេស​ជា​សមា​ជិក​ទាំង​បួន កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែល​បាន​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​មុត​មាំ​លើ​ស្វ័យភាព​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០៣០៕

Hits: 4556