កិច្ចប្រជុំថ្នាក់តំបន់ស្តីពី វេទិការួម លើកទី៨ របស់ MRC (ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី វេទិការួម លើកទី៨ របស់ MRC តាមរយៈ VDO conference ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំង ៤ប្រទេស និងមន្រ្តីលេខាធិការដ្ឋាន MRC។
កិច្ចប្រជុំបានពិភាក្សា និងស្វែងយល់ពីបច្ចុប្បន្នភាព លើការអនុវត្តនីតិវិធីរបស់ MRC បានពិនិត្យផ្តល់យោបល់ តារាងម៉ាទ្រិច ដើម្បីអនុវត្តន៍ផែនការសកម្មភាពរួម សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់ឡាយ និងប៉ាក់បេង និងសេចក្តីព្រាងម៉ាទ្រិច សម្រាប់គម្រោងវារីអគ្គីសនី លួងប្រាបាង។
បានពិភាក្សា និងផ្តល់យោបល់ លើសេចក្តីព្រាងឯកសារការងារ លើមាត្រាទី ៧, ៨ និង ១០ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ មុនដាក់ជូនទៅគណៈកម្មាធិការរួម ដើម្បីធ្វើការពិចារណា និងអនុម័ត។
ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារស្តីពី ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅអាងទន្លេមេគង្គភាគខាងក្រោម ដោយផ្អែកលើនីតិវិធី របស់គណៈកម្មការទន្លេមេគង្គ៕
Hits: 1384