Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី សំណើ​គម្រោង​ទំនប់​វារីអគ្គិសនី ដន សាហុង សម្រាប់​តំបន់​ទន្លេ​មេគង្គ​កម្ពុជា (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤)

(CNMC-PNPCA)

ភ្នំពេញ៖ គណៈកម្មាធិការជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី៣ ដែល​ជា​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​​លើក​ទី១ ​​ស្តី​ពី សំណើ​គម្រោង​​ទំនប់​​វារីអគ្គិសនី​ ដន សាហុង នៅសណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ ដែល​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​​ក្រោម​​ជាតិ​លើក​ទី១ សម្រាប់​តំបន់​ទន្លេ​មេគង្គ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ១៧-១៨ ខែតុលា ឆ្នាំ២០១៤ នៅ​ខេត្ត​ស្ទឹងត្រែង និង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ​លើក​ទី២​ សម្រាប់​​តំបន់​បឹង​ទន្លេ​សាប​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី ៣០-៣១ ខែតុលា ឆ្នាំ២០១៤ នៅ​​ខេត្ត​បាត់ដំបង។

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃគណៈ​កម្មាធិការ​ជាតិ​​ទន្លេមេគង្គកម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង​ឧតុនិយម និងជា​ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្វាគមន៍ និង​បើក​កិច្ចប្រជុំ ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់ អញ្ជើញមកពីលេខាធិការ​ដ្ឋានគណៈកម្មការទន្លេ​មេគង្គ ​ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីធ្វើការពិគ្រោះយោបល់ជាមុនលើសំណើគម្រោងទំនប់​វារីអគ្គិសនី​ ដន សាហុង ក្រុមការងារតាមដាន វាយតម្លៃ និងរាយការណ៍ អំពីការវិវត្តន៍ នៃការអភិវឌ្ឍទំនប់វារីអគ្គិសនីលើទន្លេមេ និងដៃ​ទន្លេមេគង្គ នៃគណៈកម្មាធិការ​ជាតិ​​ទន្លេមេគង្គ​កម្ពុជា តំណាងបណ្តាក្រសួង‑ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំសិក្សាស្រាវជ្រាវ​សាធារណៈ បណ្តាភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គការ IUCN ប្រចាំកម្ពុជា តំណាងសហគមន៍អឺរ៉ុប​ប្រចាំកម្ពុជា តំណាងបណ្តាអង្គការមិនមែនរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

កិច្ចប្រជុំនេះមានគោលបំណង៖ (១) ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធ និងសាធារណជន ដែលអាចនឹងទទួលរងផលប៉ះពាល់ ឬមានការ​ចាប់​អារម្មណ៍ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីសំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង និង​ដំណើរការ​ពិគ្រោះយោបល់ ជាមុនលើគម្រោងនេះ (២) ធ្វើបទបង្ហាញ និងពិភាក្សាលើ «ឯកសារគម្រោងទំនប់វារីអគ្គិសនី ដន សាហុង និង​លទ្ធផលនៃការសិក្សាពិនិត្យឡើងវិញលើឯកសារគម្រោងនេះ» ដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (៣) ទទួលបាននូវមតិយោបល់ក្តី​កង្វល់ទស្សនៈ និងអនុសាសន៍ដ៏ទូលំទូលាយ អំពីសំណើគម្រោង​ទំនប់វារីអគ្គិសនី ដន សាហុង ពីសំណាក់បណ្តាស្ថាប័នរដ្ឋ អង្គការ សង្គមស៊ីវីល និងបណ្តាអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និង (៤) ប្រមូលផ្តុំ និងចងក្រងនូវមតិយោបល់ ក្តីកង្វល់ ទស្សនៈ និងអនុសាសន៍ ដ៏ទូលំទូលាយ ​ដែលទទួលបានពីកិច្ចប្រជុំ សម្រាប់ជាមូលដ្ឋានពិចារណាក្នុងកិច្ចប្រជុំលើកទី៤ ដែលជាកិច្ចប្រជុំថ្នាក់ជាតិលើកទី២ ដែល​នឹងប្រព្រឹត្តទៅនៅពេលខាងមុខដ៏ខ្លី មុននឹងធ្វើសំយោគ ប្រមូលផ្តុំ និងចងក្រងជាមតិយោបល់ ក្តីកង្វល់ ទស្សនៈ និងអនុសាសន៍​ចុងក្រោយ សម្រាប់ជាមូលដ្ឋានពិចារណាដោយសមាជិកគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ នៃភាគីកម្ពុជា និងសម្រាប់​រៀបចំទម្រង់ឆ្លើយតបជាផ្លូវការ ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ទៅប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀត​អំពី​ ទស្សនៈរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទាក់​ទង​នឹងការពិគ្រោះយោបល់ជាមុនលើសំណើគម្រោងទំនប់វារីអគ្គិសនី​ ដន សាហុង៕

Hits: 3681