កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង សម្រាប់តំបន់ទន្លេមេគង្គកម្ពុជា (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤)
(CNMC-PNPCA)
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ដែលជាកិច្ចប្រជុំថ្នាក់ជាតិលើកទី១ ស្តីពី សំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដែលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិលើកទី១ សម្រាប់តំបន់ទន្លេមេគង្គកម្ពុជា បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៧-១៨ ខែតុលា ឆ្នាំ២០១៤ នៅខេត្តស្ទឹងត្រែង និងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិលើកទី២ សម្រាប់តំបន់បឹងទន្លេសាបកម្ពុជា បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៣០-៣១ ខែតុលា ឆ្នាំ២០១៤ នៅខេត្តបាត់ដំបង។
ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្វាគមន៍ និងបើកកិច្ចប្រជុំ ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់ អញ្ជើញមកពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីធ្វើការពិគ្រោះយោបល់ជាមុនលើសំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង ក្រុមការងារតាមដាន វាយតម្លៃ និងរាយការណ៍ អំពីការវិវត្តន៍ នៃការអភិវឌ្ឍទំនប់វារីអគ្គិសនីលើទន្លេមេ និងដៃទន្លេមេគង្គ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងបណ្តាក្រសួង‑ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំសិក្សាស្រាវជ្រាវសាធារណៈ បណ្តាភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គការ IUCN ប្រចាំកម្ពុជា តំណាងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា តំណាងបណ្តាអង្គការមិនមែនរដ្ឋាភិបាល គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំនេះមានគោលបំណង៖ (១) ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធ និងសាធារណជន ដែលអាចនឹងទទួលរងផលប៉ះពាល់ ឬមានការចាប់អារម្មណ៍ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីសំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង និងដំណើរការពិគ្រោះយោបល់ ជាមុនលើគម្រោងនេះ (២) ធ្វើបទបង្ហាញ និងពិភាក្សាលើ «ឯកសារគម្រោងទំនប់វារីអគ្គិសនី ដន សាហុង និងលទ្ធផលនៃការសិក្សាពិនិត្យឡើងវិញលើឯកសារគម្រោងនេះ» ដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (៣) ទទួលបាននូវមតិយោបល់ក្តីកង្វល់ទស្សនៈ និងអនុសាសន៍ដ៏ទូលំទូលាយ អំពីសំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង ពីសំណាក់បណ្តាស្ថាប័នរដ្ឋ អង្គការ សង្គមស៊ីវីល និងបណ្តាអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និង (៤) ប្រមូលផ្តុំ និងចងក្រងនូវមតិយោបល់ ក្តីកង្វល់ ទស្សនៈ និងអនុសាសន៍ ដ៏ទូលំទូលាយ ដែលទទួលបានពីកិច្ចប្រជុំ សម្រាប់ជាមូលដ្ឋានពិចារណាក្នុងកិច្ចប្រជុំលើកទី៤ ដែលជាកិច្ចប្រជុំថ្នាក់ជាតិលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខដ៏ខ្លី មុននឹងធ្វើសំយោគ ប្រមូលផ្តុំ និងចងក្រងជាមតិយោបល់ ក្តីកង្វល់ ទស្សនៈ និងអនុសាសន៍ចុងក្រោយ សម្រាប់ជាមូលដ្ឋានពិចារណាដោយសមាជិកគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ នៃភាគីកម្ពុជា និងសម្រាប់រៀបចំទម្រង់ឆ្លើយតបជាផ្លូវការ ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ទៅប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀតអំពី ទស្សនៈរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទាក់ទងនឹងការពិគ្រោះយោបល់ជាមុនលើសំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង៕