Developed by Khmer Focus

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ឧបករណ៍​វាយ​តម្លៃ​ដោយ​រហ័ស (RSAT) នៃ​និរន្តរ​ភាព​វារី​អគ្គិសនី (ថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ២០១៥)

(CNMC-ISH)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ឧបករណ៍​វាយ​​តម្លៃ​ដោយ​រហ័ស នៃ​និរន្តរ​ភាព​វារី​​អគ្គិសនី របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​​អញ្ជើញ​​ចូល​រួម​ពី​មន្ត្រី​មក​ពី​ក្រសួង ស្ថាប័ន និង​​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្ត​ពោធិសាត់ មន្ត្រី​គណៈ​កម្មា​ធិការ​​ជាតិ​​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​​មេគង្គ សរុប​ចំនួន ២៧រូប។

ក្នុងនាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​​​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម និង​ជា​ប្រធាន​ គ.ជ.ទ.ម.ក ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​​ធិការ បាន​​បញ្ជាក់​ដល់​សិក្ខា​កាម​បាន​ជ្រាប​ថា គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​នឹង​​កំពុង​​អនុវត្ត​ន៍​កម្ម​វិធី​​សហ​ប្រតិបត្តិការ​តំបន់ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​នៃ​ធន​ធាន​ទឹក និង​ធន​​ធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេ​មេគង្គ។ ការ​​បណ្តុះ​បណ្តាល​ស្ដី​ពី ឧបករណ៍ RSAT គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កម្ម​វិធី​​និរន្តរ​ភាព​វារី​អគ្គិសនី ដើម្បី​ធ្វើ​ការ​តាម​ដាន ត្រួត​ពិនិត្យ វាស់​វែង​អំ​ពី​វឌ្ឍន​ភាព​ក្នុង​ការ​បង្ហាញ​ឱ្យ​មាន​ការ​​គិត​គូរ​ពិចារណា និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​និរន្តរ​ភាព​ផ្នែក​វារី​អគ្គិសនី នា​ពេល​​បច្ចុប្បន្ន និង​ទៅ​អនាគត ការ​ផ្តល់​នូវ​ក្រប​ខ័ណ្ឌ​មួយ​ច្បាស់​លាស់ សម្រាប់​ការ​ពិគ្រោះ​យោបល់ ការ​​លើក​កំពស់​ការ​យល់​ដឹង និង​ការ​​កសាង​សមត្ថ​ភាព។ ឧបករណ៍ RSAT គឺ​ផ្តល់​ជា​វេទិកា​សម្រាប់​​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ចែក​រំលែក និង​ការ​ផ្លាស់​ប្តូរ​មេរៀន និង​បទ​ពិសោធន៍​គ្នា ជួយ​បំពេញ​ដល់​បេសក​កម្ម​​របស់​​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ការ​​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ១៩៩៥។ វា​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​ឱ្យ​ការ​ផ្គត់​ផ្គង​ថាម​ពល​វារី​អគ្គិសនី ក្នុង​លក្ខណៈ​មួយ​មាន​និរន្តរ​ភាព ដែល​ធា​នា​បាន​នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន សម្រាប់​អាង​ទន្លេ​មេគង្គ។

ការលើក​កំពស់​ការ​យល់​ដឹង​អំពី ឧបករណ៍​វាយ​តម្លៃ​ដោយ​រហ័ស នៃ​និរន្តរ​ភាព​​វារី​​អគ្គិសនី​​ក្នុង​អាង​ទន្លេ​គឺ បាន​នឹង​​កំពុង​ជម្រុញ​ក្នុង​ក្រប​ខ័ណ្ឌ​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​នៅ​ក្នុង​ប្រទេស​ជា​សមា​ជិក​រួម​មាន កម្ពុជា ឡាវ ថៃ និង​វៀតណាម។ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែល​ជា​ស្ថាប័ន​សម្រប​សម្រួល​ក្នុង​ក្រប​ខ័ណ្ឌ​​ជាតិ​​​របស់​​ខ្លួន បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ និង​បណ្ដុះ​បណ្ដាល​ស្តី​ពី​ឧបករណ៍​នេះ ជា​បន្ត​បន្ទាប់។

សម្រាប់​កម្ពុជា តាម​រយៈ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​អំពី ឧបករណ៍ RSAT យើង​បាន​ជ្រើស​​រើស​អាង​ទន្លេ​ស្រែពក​ភាគ​ខាង​ក្រោម និង​ស្ទឹង​ពោធិសាត់ សម្រាប់​ជា​ករណី​សិក្សា​សាក​ល្បង​​ឧបករណ៍ RSAT៕

Hits: 1950