សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ឧបករណ៍វាយតម្លៃដោយរហ័ស (RSAT) នៃនិរន្តរភាពវារីអគ្គិសនី (ថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ២០១៥)
(CNMC-ISH)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ឧបករណ៍វាយតម្លៃដោយរហ័ស នៃនិរន្តរភាពវារីអគ្គិសនី របស់គណៈកម្មការទន្លេមេគង្គ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីមកពីក្រសួង ស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តពោធិសាត់ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៧រូប។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គ.ជ.ទ.ម.ក ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ បានបញ្ជាក់ដល់សិក្ខាកាមបានជ្រាបថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននឹងកំពុងអនុវត្តន៍កម្មវិធីសហប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ។ ការបណ្តុះបណ្តាលស្ដីពី ឧបករណ៍ RSAT គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីនិរន្តរភាពវារីអគ្គិសនី ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យ វាស់វែងអំពីវឌ្ឍនភាពក្នុងការបង្ហាញឱ្យមានការគិតគូរពិចារណា និងការធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពផ្នែកវារីអគ្គិសនី នាពេលបច្ចុប្បន្ន និងទៅអនាគត ការផ្តល់នូវក្របខ័ណ្ឌមួយច្បាស់លាស់ សម្រាប់ការពិគ្រោះយោបល់ ការលើកកំពស់ការយល់ដឹង និងការកសាងសមត្ថភាព។ ឧបករណ៍ RSAT គឺផ្តល់ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការលើការចែករំលែក និងការផ្លាស់ប្តូរមេរៀន និងបទពិសោធន៍គ្នា ជួយបំពេញដល់បេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ និងការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥។ វាជាការចាំបាច់ដែលត្រូវឱ្យការផ្គត់ផ្គងថាមពលវារីអគ្គិសនី ក្នុងលក្ខណៈមួយមាននិរន្តរភាព ដែលធានាបាននូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន សម្រាប់អាងទន្លេមេគង្គ។
ការលើកកំពស់ការយល់ដឹងអំពី ឧបករណ៍វាយតម្លៃដោយរហ័ស នៃនិរន្តរភាពវារីអគ្គិសនីក្នុងអាងទន្លេគឺ បាននឹងកំពុងជម្រុញក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ និងនៅក្នុងប្រទេសជាសមាជិករួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលជាស្ថាប័នសម្របសម្រួលក្នុងក្របខ័ណ្ឌជាតិរបស់ខ្លួន បានធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្តីពីឧបករណ៍នេះ ជាបន្តបន្ទាប់។
សម្រាប់កម្ពុជា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិអំពី ឧបករណ៍ RSAT យើងបានជ្រើសរើសអាងទន្លេស្រែពកភាគខាងក្រោម និងស្ទឹងពោធិសាត់ សម្រាប់ជាករណីសិក្សាសាកល្បងឧបករណ៍ RSAT៕