កិច្ចសន្ទនារវាងភាគីកម្ពុជា និងភាគីវៀតណាម ដោយសាកល្បងប្រើវិធីសាស្ត្រ Rapid Assessment Tool (RSAT) លើការអភិវឌ្ឍអាងទន្លេស្រែពក (ថ្ងៃទី ១៩-២១ ខែធ្នូ ឆ្នាំ២០១៦)
វៀតណាម៖ កិច្ចសន្ទនារវាងភាគីកម្ពុជា និងភាគីវៀតណាម ដោយសាកល្បងប្រើវិធីសាស្ត្រ Rapid Assessment Tool (RSAT) លើការអភិវឌ្ឍអាងទន្លេស្រែពក ដែលសំបូរទៅដោយគម្រោងវារីអគ្គិសនី នៅខេត្ត Dak Lak ប្រទេសវៀតណាម ដោយមានអ្នកចូលរួមសរុបចំនួន ៣០រូប។ ដោយឡែកភាគីកម្ពុជាមានចំនួន ១១រូប ដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសមាជិកមកពីក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធ នៃខេត្តស្ទឹងត្រែង រតនគិរី និងជំនាញការជាតិ។
គោលបំណងនៃកិច្ចសន្ទនាគឺដើម្បី (១) ចែករំលែកបទពិសោធន៍ និងព័ត៌មានរវាងប្រទេសទាំងពីរ (២) បង្កើនកិច្ចសហប្រតិបត្តិការលើប្រតិបត្តិការគ្រប់គ្រងលំហូរឆ្លងដែន (៣) គិតគូរអំពីគោលការណ៍ណែនាំបច្ចេកទេស EIA ឆ្លងដែន និង (៤) ពិនិត្យលទ្ធភាពបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការ។
កិច្ចសន្ទនាបានផ្តោតលើចំណុចគន្លឹះបីនៃវិធីសាស្ត្រ RSAT រួមមាន (១) សមត្ថភាពស្ថាប័នទាក់ទងនឹងការដោះស្រាយបញ្ហាឆ្លងដែន (២) ការគិតគូរអំពីការខូចខាតពីការអភិវឌ្ឍគម្រោង និងការចែកផលប្រយោជន៍ដោយសមធម៌ និង (៣) ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត។
ភាគីឡាវ និងថៃ បានចូលរួមក្នុងកិច្ចសន្ទនានេះ ក្នុងតួនាទីជាអ្នកសង្កេតការណ៍៕
Hits: 2994