Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី២ ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ ក្នុង​អាង​ទន្លេ​មេគង្គ (ថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ​២០១៥)

(MRC-CCAI)

ភ្នំពេញ៖ លេខា​ធិការ​​ដ្ឋាន​​​គណៈ​កម្មការ​​ទន្លេ​មេគង្គ បាន​​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​​លើក​​ទី២ ស្តី​ពី​ការ​វាយ​តម្លៃ​ផល​​ប៉ះ​ពាល់​នៃ​ការ​​ប្រែ​​ប្រួល​អាកាស​ធាតុ ក្នុង​អាង​ទន្លេ​មេគង្គ នៅ​សណ្ឋា​គារ​ភ្នំពេញ រាជ​ធានី​ភ្នំពេញ ដែល​មាន​សមាជិក​ចូល​រួម​​សរុប​​ចំនួន ៥៧រូប​ (ស្រ្តី ១២រូប) ជា​​មន្រ្តី​​បច្ចេក​ទេស​មក​ពី​បណ្តា​​ប្រទេស​​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​រួម​មាន កម្ពុជា ឡាវ ថៃ និង​វៀតណាម មន្រ្តី​​ជំនាញ​​មក​ពី​បណ្តា​កម្ម​វិធី​ពាក់​ព័ន្ធ​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​មន្រ្តី​នៃ​​អគ្គ​លេខា​​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​​ទន្លេ​​មេគង្គ​កម្ពុជា​។

ក្នុងនាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​​​ក្រសួង​​ធន​ធាន​ទឹក ​និង​ឧតុនិយម និង​​ជា​​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​​អញ្ជើញ​​ចូល​រួម​​ជា​កិត្តិយស​​ក្នុង​ការ​​បើក និង​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ ដោយ​​បាន​​​បញ្ជាក់​​ថា៖ ការ​ប្រែ​ប្រួល​អាកាស​ធាតុគឺ កើត​មាន​ឡើង​ពិត​ប្រាកដ ដែល​កំពុង​គម្រាម​កំហែង​ដល់​​អាង​ទន្លេ​មេគង្គ ដែល​នៅ​ក្នុង​សន្និ​សីទ​កំពូល​លើក​ទី២ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ នា​ខែ​មេសា ឆ្នាំ២០១៤ នៅ​ទី​ក្រុង​ហូជីមិញ​​កន្លង​មក ប្រមុខ​រដ្ឋា​ភិបាល​នៃ​ប្រទេស​​ជា​សមាជិក បាន​ពិភាក្សា​​រិះ​រក​​ដំណោះ​​ស្រាយ និង​បាន​​ស្នើ​ឱ្យ​ធ្វើ​សកម្ម​ភាព​ដោះ​ស្រាយ​ជា​បន្ទាន់ នូវ​ផល​ប៉ះពាល់​អវិជ្ជមាន នៃ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ ដោយ​បាន​ណែនាំ​ឱ្យ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ដឹក​នាំ​​អនុវត្ត​កិច្ច​ការ​នេះ។

គោលបំណង​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​នេះ​គឺ ដើម្បី​បង្ហាញ និង​ពិភាក្សា​លើ ១) វឌ្ឍនភាព និង​បច្ចុប្បន្ន​ភាព​នៃ​នីតិ​វិធី ក៏​ដូច​ជា​ក្រប​ខ័ណ្ឌ​ពេល​វេលា សម្រាប់​ការ​​វាយ​​តម្លៃ​ ដើម្បី​ជួយ​ដល់​ការ​រៀប​ចំ​បង្កើត​យុទ្ធ​សាស្រ្ត និង​ផែន​ការ​​សកម្ម​ភាព​បន្ស៊ាំ ២) ទម្រង់​របាយ​ការណ៏​នៃ​ការ​វាយ​តម្លៃ និង៣) វឌ្ឍនភាព និង​លទ្ធ​ផល​បឋម​​នៃ​​​សមាស​ភាគ​នៃ​ការ​​វាយ​តម្លៃ​ទាំង​ ៧ របស់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ ក្នុង​អាង​ទន្លេ​មេគង្គ។

លទ្ធផល​រំពឹង​ទុក​នៃ​កិច្ច​ប្រជុំ​គឺ៖

  • ការយល់​ដឹង​ជា​រួម និង​ការ​ឯក​ភាព​ទៅ​លើ​យុទ្ធ​សាស្រ្ត និង​ក្រប​ខ័ណ្ឌ​​ពេល​វេលា នៃ​ការ​​វាយ​តម្លៃ​​ផល​​ប៉ះ​ពាល់
  • ការយល់​ដឹង​ជា​រួម និង​ការ​ឯក​ភាព​ទៅ​លើ​របាយ​ការណ៏​វាយ​តម្លៃ
  • មតិយោបល់​លើ​វឌ្ឍន​ភាព និង​លទ្ធ​ផល​បឋម​នៃ​​សមាស​ភាគ នៃ​ការ​​វាយ​តម្លៃ​ទាំង ៧ របស់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់ នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ក្នុង​អាង​ទន្លេ​​មេគង្គ។

ការ​វាយ​តម្លៃ​​ផល​​ប៉ះ​ពាល់​​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ក្នុង​អាង​ទន្លេ​មេគង្គ​​នឹង​ផ្តល់​​នូវ​ទិន្នន័យ និង​ព័ត៌មាន​ដ៏​សំខាន់សម្រាប់​ការ​រៀប​ចំ​បង្កើត​យុទ្ធ​សាស្រ្ត និង​ផែន​ការ​​សកម្ម​ភាព​បន្ស៊ាំ​នឹង​ការ​​ប្រែ​​ប្រួល​​អាកាស​ធាតុ ក្នុង​អាង​ទន្លេ​មេគង្គ។​

ជាជំហានបន្ត កម្ម​វិធី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ​នឹង​បន្ត​អនុវត្ត​ផែន​ការ​​សកម្មភាព ដែល​នឹង​មាន​ការ​កែ​សម្រួល​ក្រប​ខ័ណ្ឌ​ពេល​វេលា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ដោយ​​ចាប់​ផ្តើម​ពី​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី នៅ​ថ្នាក់​តំបន់ ស្តី​ពី​ក្រប​​ខ័ណ្ឌ​នៃ​ការ​វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ​នៃ​ប្រភេទ​សត្វ និង​រុក្ខ​ជាតិ ដែល​ជា​​សមាស​ភាគ​មួយ​ក្នុង​ចំណោម​សមាស​ភាគ​ទាំង ៧ របស់​ការ​វាយ​តម្លៃ​រួម៕

Hits: 1979