កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកទី២ ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ (ថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០១៥)
(MRC-CCAI)
ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកទី២ ស្តីពីការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដែលមានសមាជិកចូលរួមសរុបចំនួន ៥៧រូប (ស្រ្តី ១២រូប) ជាមន្រ្តីបច្ចេកទេសមកពីបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម មន្រ្តីជំនាញមកពីបណ្តាកម្មវិធីពាក់ព័ន្ធនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងការបើក និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នេះ ដោយបានបញ្ជាក់ថា៖ ការប្រែប្រួលអាកាសធាតុគឺ កើតមានឡើងពិតប្រាកដ ដែលកំពុងគម្រាមកំហែងដល់អាងទន្លេមេគង្គ ដែលនៅក្នុងសន្និសីទកំពូលលើកទី២ របស់គណៈកម្មការទន្លេមេគង្គ នាខែមេសា ឆ្នាំ២០១៤ នៅទីក្រុងហូជីមិញកន្លងមក ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានពិភាក្សារិះរកដំណោះស្រាយ និងបានស្នើឱ្យធ្វើសកម្មភាពដោះស្រាយជាបន្ទាន់ នូវផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដោយបានណែនាំឱ្យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដឹកនាំអនុវត្តកិច្ចការនេះ។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះគឺ ដើម្បីបង្ហាញ និងពិភាក្សាលើ ១) វឌ្ឍនភាព និងបច្ចុប្បន្នភាពនៃនីតិវិធី ក៏ដូចជាក្របខ័ណ្ឌពេលវេលា សម្រាប់ការវាយតម្លៃ ដើម្បីជួយដល់ការរៀបចំបង្កើតយុទ្ធសាស្រ្ត និងផែនការសកម្មភាពបន្ស៊ាំ ២) ទម្រង់របាយការណ៏នៃការវាយតម្លៃ និង៣) វឌ្ឍនភាព និងលទ្ធផលបឋមនៃសមាសភាគនៃការវាយតម្លៃទាំង ៧ របស់ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ។
លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺ៖
- ការយល់ដឹងជារួម និងការឯកភាពទៅលើយុទ្ធសាស្រ្ត និងក្របខ័ណ្ឌពេលវេលា នៃការវាយតម្លៃផលប៉ះពាល់
- ការយល់ដឹងជារួម និងការឯកភាពទៅលើរបាយការណ៏វាយតម្លៃ
- មតិយោបល់លើវឌ្ឍនភាព និងលទ្ធផលបឋមនៃសមាសភាគ នៃការវាយតម្លៃទាំង ៧ របស់ការវាយតម្លៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ។
ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គនឹងផ្តល់នូវទិន្នន័យ និងព័ត៌មានដ៏សំខាន់សម្រាប់ការរៀបចំបង្កើតយុទ្ធសាស្រ្ត និងផែនការសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ។
ជាជំហានបន្ត កម្មវិធីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំនឹងបន្តអនុវត្តផែនការសកម្មភាព ដែលនឹងមានការកែសម្រួលក្របខ័ណ្ឌពេលវេលានៅក្នុងកិច្ចប្រជុំនេះ ដោយចាប់ផ្តើមពីការបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី នៅថ្នាក់តំបន់ ស្តីពីក្របខ័ណ្ឌនៃការវាយតម្លៃភាពងាយរងគ្រោះនៃប្រភេទសត្វ និងរុក្ខជាតិ ដែលជាសមាសភាគមួយក្នុងចំណោមសមាសភាគទាំង ៧ របស់ការវាយតម្លៃរួម៕